កម្ពុជា-ហ្វីលីពីន ទទួលស្គាល់នូវសក្តានុពល និងកាលានុវត្តភាពដ៏ធំធេង និងបានឯកភាពបង្កើនពាណិជ្ជកម្ម និងវិនិយោគ
ចេញផ្សាយ ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៤
AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ —
ប្រមុខការទូតកម្ពុជា-ហ្វីលីពីន បានទទួលស្គាល់នូវសក្តានុពល និងកាលានុវត្តភាពដ៏ធំធេង និងបានឯកភាពបង្កើនពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការលើកទឹកចិត្តការប្រាស្រ័យទាក់ទងរវាងធុរកិច្ច និងធុរកិច្ច ក៏ដូចជា ការរៀបចំពិព័រណ៍ពាណិជ្ជកម្មជាដើម ហើយភាគីទាំងពីរបានពិភាក្សាផងដែរអំពីមធ្យោបាយក្នុងការជំរុញពាណិជ្ជកម្មអង្ករ និងមុខទំនិញដទៃទៀត ព្រមទាំងការអភិវឌ្ឍធុរកិច្ចផ្នែកកសិកម្ម។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
ក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម Enrique A. Manalo រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋហ្វីលីពីន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ ហ្វីលីពីន និងបានចូលរួមធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេ ភាគីកម្ពុជា-ហ្វីលីពីន (គណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន) ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៨ ខែសីហា នៅរដ្ឋធានីម៉ានីល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមប្រធានាធិបតី Ferdinand R Marcos Jr. ដោយបានផ្លាស់ប្តូរយោបល់លើវិស័យជាច្រើន រួមមានការបង្កើនការតភ្ជាប់ផ្លូវអាកាស ពាណិជ្ជកម្មទ្វេភាគី វិនិយោគ និងទេសចរណ៍។
ឯកឧត្តមប្រធានាធិបតី Marcos បានសម្តែងឆន្ទៈខ្ពស់ក្នុងការជំរុញទំនាក់ទំនងជាមួយកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត ហើយទន្ទឹងរង់ចាំមានជំនួបជាថ្មីទៀតជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានជួបសម្តែងការគួរសមជាមួយលោកជំទាវ Sara Duterte អនុប្រធានាធិបតី ហ្វីលីពីន ផងដែរ ដោយបានពិភាក្សាយ៉ាងស្និទ្ធស្នាលជាមួយលោកជំទាវលើការពង្រឹងទំនាក់ទំនង រវាងកម្ពុជា និងហ្វីលីពីន លើទិដ្ឋភាពជាច្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន។ មុនជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញដាក់កម្រងផ្កានៅស្តូបវីរបុរសជាតិហ្វីលីពីន José Rizal។