ព័ត៌មានជាតិ

ការលាបពណ៌កិច្ចព្រមព្រៀង CLV បានក្លាយទៅជាឱកាសបង្ហាញទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋ

ការលាបពណ៌កិច្ចព្រមព្រៀង CLV បានក្លាយទៅជាឱកាសបង្ហាញទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋ
ចេញផ្សាយ ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៤
រយៈពេលប្រមាណ១ខែកន្លងមកនេះ ក្រុមប្រឆាំងបានរំលេចឡើង នូវព័ត៌មានប្រឌិតថា គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ ដែលហៅកាត់ថា CLV បានធ្វើអោយខ្មែរខាតបង់ដី៤ខេត្តទៅវៀតណាម។

សកម្មភាពក្រុមប្រឆាំងបានព្យាយាមញុះញង់ឱ្យពលរដ្ឋអោយចូលរួមធ្វើបាតុកម្មទាមទារអោយរដ្ឋាភិបាលដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ។ ទន្ទឹមនេះ ក្រុមនេះបានស្វែងរកគ្រប់មធ្យោបាយបង្កអោយប្រជាពលរដ្ឋនៅក្នុងស្រុក និងនៅក្រៅប្រទេស អោយផ្ទុះកំហឹងចូលរួមសកម្មភាពដុតសេដ្ឋកិច្ចខ្មែរអោយដាំក្បាលចុះ។ នៅទីបំផុតគម្រោងបាតុកម្មថ្ងៃទី១៨សីហា របស់ក្រុមនេះ ត្រូវបានបរាជ័យ ។

ផ្ទុយទៅវិញចលនាលាបពណ៌អោយកិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍នៅភូមិភាគឦសាននេះ វាបានក្លាយទៅជាការបង្កើតឱកាសមួយទៅវិញ ដើម្បីអោយប្រជាពលរដ្ឋមានលទ្ធភាពបង្ហាញអំពីមនសិការស្នេហាជាតិ ស្នេហាទឹកដីហើយអាចបង្ហាញឆន្ទះចូលរួមចំណែកកសាងនិងការពារព្រំដែនជាមួយរាជរដ្ឋាភិបាល។

មនសិការរបស់ប្រជាពលរដ្ឋនេះ បានបង្ហាញឡើងតាមរយៈ មិនជឿការញុះញ៉ុង អូសទាញរបស់ក្រុមប្រឆាំងអោយចូលរួមធ្វើបាតុកម្ម ធ្វើបដិវត្តន៍ពណ៌ ក្នុងរូបភាពដុតបំផ្លាញសេដ្ឋកិច្ចជាតិ និងផ្តួលរំលំ រដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីសំឡេងឆ្នោតប្រជាពលរដ្ឋ ។

ឆន្ទះរបស់ប្រជាពលរដ្ឋនេះ បានបង្ហាញឡើងតាមរយៈចលនាផុលផុសចូលរួមគាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន ដោយផ្ដោតការយកចិត្តទុកដាក់លើការកសាងផ្លូវក្រវាត់ព្រំដែន ឆ្លើយតបចំពោះការអំពាវនាវពីប្រមុខរាជរដ្ឋាភិបាល។

យោងតាមសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីបានអោយដឹងថា ចាប់ពីថ្ងៃទី២៦ ខែសីហាមកដល់រសៀលថ្ងៃទី២៩សីហា មានចំនួនមនុស្សដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនមកចូលមូលនិធិមានជិត ២០ម៉ឺននាក់ មានទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ ជាមួយនឹងទឹកប្រាក់សរុបជាង ១១លានដុល្លារ ។

ទឹកចិត្តរបស់ប្រជាពលរដ្ឋនេះ បានធ្វើឡើងដែលក្នុងនោះរួមមានចំនួនទឹកប្រាក់បរិច្ចាគមានទំហំចាប់ពី១ពាន់រៀល, ២ពាន់រៀល ឬ ៥ពាន់រៀលឡើង ខណៈខ្លះជាប្រាក់ដុល្លារ តាំងពី១ដុល្លារ, ៥ដុល្លារឡើងរហូតដល់លានដុល្លារ។

បរិមាណទឹកប្រាក់បរិច្ចាគ ដែលចូលរួមពីប្រជាពលរដ្ឋខ្មែរនេះ នឹងកើនឡើងជាបន្តទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤បានអោយដឹងថាការកំណត់បង្គោលសីមា របស់កម្ពុជានិងឡាវ សម្រេចបាន ៨៦% ហើយ នៅសេសសល់ ១៤% ដែលអាចនឹងបញ្ចប់ការ បោះបង្គោលព្រំដែននៅក្នុងអាណត្តិ ទី៧ របស់រដ្ឋាភិបាលកម្ពុជានេះ។
ដោយឡែកគិតមកដល់ឆ្នាំ២០២២ ការបោះបង្គោលព្រំដែនរវាងកម្ពុជាជាមួយវៀតណាមបានចំនួន ៨៤ ភាគរយហើយ។

ថ្លែងសារបង្ហាញអំពីសមិទ្ធផលរយៈពេល ១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានស្ថាបនាផ្លូវតាមបណ្ដោយព្រំដែនជាមួយប្រទេសបានជិត ១ ៥០០ គីឡូម៉ែត្រហើយ។

ការកសាងផ្លូវព្រំដែនជាមួយប្រទេសវៀតណាមរហូតមកដល់ឆ្នាំ ២០២២ រដ្ឋាភិបាលសម្រេចបានប្រវែង ៦៨៥ គីឡូម៉ែត្រ លើផែនការសរុប ១០៦៩ គីឡូម៉ែត្រ។

ការកសាងផ្លូវព្រំដែនជាមួយប្រទេសថៃ រហូតដល់ ឆ្នាំ២០២៣ ធ្វើបានប្រវែង ៤៥៥ គីឡូម៉ែត្រលើផែនការសរុបប្រវែង ៥០៩ គីឡូម៉ែត្រ។

Leave a Reply

Your email address will not be published. Required fields are marked *