ព័ត៌មានជាតិ

កម្ពុជា ចាប់យកអនាគតរថយន្តអគ្គិសនី ជាមួយ នឹងការសម្ពោធរថយន្ត Chang An Deepal LO7 និង Chang An Deepal SO7របស់ក្រុមហ៊ុន RMA Cambodia

កម្ពុជា ចាប់យកអនាគតរថយន្តអគ្គិសនី ជាមួយ នឹងការសម្ពោធរថយន្ត Chang An Deepal LO7 និង Chang An Deepal SO7របស់ក្រុមហ៊ុន RMA Cambodia
ចេញផ្សាយ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៤
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរថយន្តអគ្គិសនីម៉ូដែលចុងក្រោយរបស់ក្រុមហ៊ុន RMA Cambodia គឺរថយន្ត Chang An Deepal LO7 និង Chang An DeepalSO7 ដែលនេះជាជំហានថ្មីមួយទៀតក្នុងដំណើរឆ្ពោះទៅអនាគតនៃរថយន្តអគ្គិសនី និងនវានុវត្តន៍បច្ចេកវិទ្យានៅកម្ពុជា។

នៅក្នុងសុន្ទរកថាបើកពិធីសម្ពោធរថយន្តអគ្គិនីនេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីនិន្នាការរថយន្តអគ្គិសនីនៅលើទីផ្សារពិភពលោក ដែលជំរុញដោយតម្រូវការអ្នកប្រើប្រាស់ផង និងបទបញ្ញតិអន្តរជាតិដែលទាមទារឱ្យកាត់បន្ថយការបំភាយឧស្ម័នពុលពីយានយន្តផង។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖ “វត្តមានរថយន្តអគ្គិសនីថ្មីនេះនឹងផ្តល់ឱកាសការងារថ្មីៗ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច ហើយឧស្សាហកម្មរថយន្តអគ្គិសនីនៅកម្ពុជាអាចជាកាតាលីករដើម្បីជំរុញការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់វិស័យគាំទ្រផ្សេងៗទៀតនៅក្នុងសេដ្ឋកិច្ច។”

លោក ង៉ន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានរាយការណ៍ពីការវិវត្តរបស់ក្រុមហ៊ុនក្នុងវិស័យយានយន្ត ពីការនាំចូល មកការដំឡើងរថយន្តសម្រាប់ទីផ្សារក្នុងស្រុក និងមានបំណងផលិតរថយន្តសម្រាប់នាំចេញទៅលក់នៅបរទេស។ លោកក៏បានរំលេចអំពីសមិទ្ធផលសំខាន់មួយរបស់ក្រុមហ៊ុន គឺរោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ ដែលបានដំឡើងរថយន្ត Ford Ranger និង Ford Everest លក់ក្នុងទីផ្សារកម្ពុជាបានជាង ៤.០០០គ្រឿងចាប់តាំងពីឆ្នាំ២០២២ និងបានផ្តល់ការងារជាង ៤ពាន់កន្លែង។ នេះបង្ហាញពីទំនុកចិត្តរបស់អ្នកប្រើប្រាស់មកលើយានយន្តដែលក្រុមហ៊ុនបានដំឡើងនៅកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរដល់ភាពជាអ្នកដឹកនាំរបស់ RMA Cambodia ដែលបាននាំយករថយន្ត Chang An Deepal LO7 និង Chang An Deepal SO7 មកកម្ពុជា ស្របតាមនិន្នាការសកលនៃរថយន្តអគ្គិសនី។ ឯកឧត្តមបានបន្ថែមថា ការអភិវឌ្ឍឧស្សាហកម្មរថយន្តអគ្គិសនីនៅកម្ពុជានឹងផ្តល់នូវជម្រើសចម្រុះសម្រាប់ការធ្វើដំណើរ បង្កើនការតភ្ជាប់ និងលើកម្ពស់ប្រសិទ្ធភាពនៃវិស័យពាក់ព័ន្ធ។

ឯកឧត្តមបានបន្ថែមថា៖ “ខ្ញុំក៏ស្នើឱ្យ RMA Cambodia ពិនិត្យលទ្ធភាព សហការជាមួយក្រុមហ៊ុនក្នុងស្រុក ពិសេសសហគ្រាស ធុនតូច និងមធ្យម ក្នុងការផ្គត់ផ្គង់គ្រឿងបង្គុំណាមួយ ដោយចាប់ផ្តើមពីគ្រឿង បង្គុំងាយៗ។ ការសហការជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុក គឺជាការបើកឱកាសឱ្យពួកគេអាចពង្រឹងខ្លួនចូលរួមក្នុងខ្សែច្រវាក់តម្លៃនៃវិស័យយានយន្ត ហើយក៏អាចពង្រឹងនិរន្តរភាពនៃការផ្គត់ផ្គង់ និង
លើកកម្ពស់ភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនផងដែរ។”

ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសតាមរយៈវិទ្យាស្ថានស្តង់ដារកម្ពុជា ដើម្បីធានាថាស្តង់ដារសុវត្ថិភាពយានយន្តស្របតាមស្តង់ដារអាស៊ាន និងអន្តរជាតិ។ ឯកឧត្តមបានបញ្ជាក់ថា៖ “ក្រសួងស្វាគមន៍រាល់ការវិនិយោគលើខ្សែច្រវាក់ផលិតកម្មទាំងមូលជាផលិតផលសម្រេច ឬផលិតដោយផ្នែកនូវគ្រឿងបង្គុំពាក់កណ្តាលសម្រេច ឬជាខ្សែច្រវាក់ដំឡើងឬបង្គុំ ហើយក៏បើកចំហ ក្នុងការផ្តល់សេវាគាំទ្រពាក់ព័ន្ធ និងត្រៀមលក្ខណៈជា ស្រេច ក្នុងការ គាំទ្រ ដល់ឧស្សាហកម្មយាន យន្ត រួមទាំងរថយន្តអគ្គិសនីផងដែរ។”

Leave a Reply

Your email address will not be published. Required fields are marked *