គិតត្រឹមព្រឹកថ្ងៃទី១៣នេះ «យុទ្ធការ ១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានវថិកាបរិច្ចាគ ប្រមាណជាង ១លាន ៤៤ម៉ឺនដុល្លារ
ចេញផ្សាយ ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៤
MoINFO APP
យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ទទួលបានការគាំទ្រ និងចូលរួមយ៉ាងច្រើនលើសលប់ពីសប្បុរសជនក្នុងស្មារតី “ខ្មែរជួយខ្មែរ” បន្ទាប់ពីយុទ្ធនាការនេះបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី៣០ឧសភាកន្លងទៅនេះ ។
លោក ឃាន តួក អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងប្រាប់ក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមអ៊ិនធឺណិតក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះថា គិតត្រឹមម៉ោង ៨ និង០០ នាទីព្រឹកថ្ងៃនេះ, សប្បុរសជនពីគ្រប់ទិសទីប្រមាណជាង ១៤ម៉ឺននាក់ បានចូលរួមបរិច្ចាគជាបន្តបន្ទាប់ ដោយទទួលបានថិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាម៉េរិកចំនួនប្រមាណ ១លាន ៤៤ម៉ឺនដុល្លារ។
លោក បានបន្ថែមថា គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងក្រុមហ៊ុន-សហគ្រាសសំខាន់ៗ ក៏បាន និងកំពុងរៀបចំចលនាកៀរគរការបរិច្ចាគដើម្បីចូលរួមគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជានេះផងដែរ។
សូមបញ្ជាក់ជូនថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ នេះ មានរយៈពេលពេញ ១ខែ គឺពីថ្ងៃទី១ ដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៤។ ក្នុងន័យនេះ, សប្បុរសជនដែលមានបំណងចូលរួមនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា សូមជួយផ្សព្វផ្សាយបន្តអំពីយុទ្ធនាការនេះតាមបណ្ដាញសង្គមរៀងៗខ្លួន និងចូលរួមបរិច្ចាគតាមរយៈការស្កែន QR Code ឬតាមរយៈលេខគណនី ដូចមានក្នុងរូបខាងក្រោម។
គួររំលឹកផងដែរថា ពិធីបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ ត្រូវបាន ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ឆ្លៀតនាឱកាសនោះ លោកជំទាវបណ្ឌិត បានលើកឡើងថា “ការរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ជាភារកិច្ចរួមរបស់ពលរដ្ឋកម្ពុជាគ្រប់រូប”៕