សម្តេចធិបតី បញ្ជាក់ពីមូលហេតុ ដែលសមត្ថកិច្ចឃាត់ខ្លួន ប្រធានគណបក្សកម្លាំងជាតិ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤–
ប្រមុខរាជរដ្ឋាភិបាលបានប្រកាសថា ការឃាត់ខ្លួន លោក ស៊ុន ចន្ធី មេបក្សកម្លាំងជាតិ គឺដោយសារតែបុគ្គលរូបនេះបានបំភ្លៃទៅលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើកម្មវិធីជាតិជំនួយសង្គម ដើម្បីកេងចំណេញនយោបាយ។
ក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា លោក ស៊ុន ចន្ធី មិនមែនរិះគន់រដ្ឋាភិបាល ត្រឹមពេលទៅជប៉ុនហ្នឹងទេ គាត់រិះគន់រហូត តែជាសិទ្ធិរបស់គាត់ គ្មានពីណាធ្វើអី្វគាត់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា«មិននៅៗ ប្រឌិតរឿងដើម្បីចំណេញនយោបាយ ហើយធ្វើឱ្យខុស បង្កើតភាពវឹកវរនិងចលាចល ដែលសាររបស់គាត់នេះ ទោះបីជាគាត់ចង់ធើ្វតេស្តដើម្បីយកបុង យកអីក៏ដោយ ប៉ុន្តែជាចេតនា ដើម្បីបំភ្លៃការពិត បង្កើតការមួលបង្កាច់ទៅលើគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ចឹងរាជរដ្ឋាភិបាលមានសិទ្ធិ ហើយខ្ញុំសុំឱ្យប្រទេសជាមិត្តរបស់យើង ជាពិសេសប្រទេសលោកសេរី ចង់ពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា សូមពង្រឹងការអនុវត្តច្បាប់គ្រប់គ្នា ហើយជាពិសេសការគោរពច្បាប់ មិនអាចជាសកម្មជនបក្សប្រឆាំងឬអ្នកណាអាចមានសិទ្ធិធើអីបាននោះទេ មិនគួរជួយនិងលើកទឹកចិត្តអ្នកខុសទេ គួរតែជួយណែនាំគាត់កុំឱ្យដើរហួសព្រំដែននៃច្បាប់ ហើយសុំឱ្យមិត្តទាំងអស់មុនវ៉ៃតម្លៃករណីណាមួយកុំយកថា អ្នកនោះជានរណា ត្រូវមើលថា អ្នកនោះធ្វើស្អី ? អ្នកប្រឆាំងរាជរដ្ឋាភិបាលមានតើ លទ្ធផលបោះឆ្នោតក្នុង៨លាននាក់ មានតែ៦លាននាក់ទេ បោះឆ្នោតឱ្យគណបក្សប្រជាជន ក្នុងនោះមានជាង១លាននាក់មិនគាំទ្រ តែគេអនុវត្ត នៅក្នុងសារ នៅក្នុងអី បញ្ចេញមតិ តាមហ្វេសប៊ុក តាមអី ជាដើម»។
ទន្ទឹមនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា អ្នកនយោបាយ ទាំងបក្សប្រឆាំង និងមិនប្រឆាំងត្រូវមានស្ដង់ដារ ត្រូវប្រកាន់ក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់ជាងប្រជាពលរដ្ឋធម្មតា មិនអាចចេះតែដើរនិយាយរញ៉េរញ៉ៃ ធ្វើឱ្យអ្នកគាំទ្រវិលវុល សង្គមវឹកវរនោះទេ៕