រដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់ថា ការវិនិយោគក្រុមហ៊ុនលក់រថយន្តនៅកម្ពុជា រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេស
APP MoINFO
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចាត់ទុកការមកវិនិយោគទុនរបស់ ក្រុមហ៊ុនលក់រថយន្ត Great Wall Motor (GWM) របស់ប្រទេសចិន គឺបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងផ្តល់ឱកាសការងារច្រើនដល់ប្រជាជនកម្ពុជា។
នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញទស្សនារថយន្ត Great Wall Motor (GWM) នៅអាគារតាំងបង្ហាញរថយន្ត GWM Cambodia មានទីតាំងនៅ ផ្ទះលេខ15z, ផ្លូវលេខ៩៣ (មហាវិថីព្រះមុនីវង្ស) កែងផ្លូវលេខ៤២២ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ។ GWM គឺជាក្រុមហ៊ុនផលិតរថយន្ត SUV និងភីកអាប់ដ៏ល្បីល្បាញឈានមុខគេមួយនៅលើពិភពលោក។ សក្តានុពលនៃការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ GWM ត្រូវបានទទួលស្គាល់ជាសកល និងមានការពេញចិត្តពី អតិថិជនជាច្រើន។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានសំដែងនូវការរីករាយដោយបានឃើញនូវ ប្រភេទរថយន្ត ថ្មីៗ ទំនើបៗ ជាច្រើនប្រភេទ របស់ក្រុមហ៊ុន Great Wall Motor (GWM) នាំយកមកពីប្រទេសចិន មកលក់នៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយប្រភេទរថយន្តខ្លះ ប្រើប្រាស់ដោយថាមពលកកើតឡើងវិញ ដែលជាការចូលរួមចំណែកដល់ការថែរក្សាបរិស្ថាន ។
ឯកឧត្តម បានជម្រាបជូនថា បច្ចុប្បន្ននេះ កំរិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា កាន់តែល្អប្រសើរ ដែលអាចមានលទ្ធភាពទិញរបស់ប្រើប្រាស់ថ្មីៗ ទំនើប និងទាន់សម័យ ។ ដូច្នេះហើយ ក្រុមហ៊ុនលក់រថយន្ត Great Wall Motor (GWM) គួរតែធ្វើការងារលើផ្នែកទំនាក់ទំនងសាធារណៈ មានកិច្ចសហការជាមួយប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ ឯកជន និងសមាគមសារព័ត៌មាន នានានៅកម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយជាភាសាខ្មែរ ភាសាចិន និងភាសាអង់គ្លេស អោយទូលំទូលាយតាមបណ្តាញផ្សព្វផ្សាយសង្គម អោយគេបានស្គាល់ពីរថយន្តថ្មី របស់ GWM មានបច្ចេកវិទ្យាទំនើប ដែលជាប្រភេទរថយន្តមានគុណភាព ប្រើប្រាស់ធន សន្សុំសំចៃថវិកាសម្រាប់អ្នកប្រើប្រាស់ ។ ទន្ទឹមនេះ រូបរាង ការរចនារថយន្តទាំងអស់នេះឡើង គឺតម្រូវតាមចំណង់ចំណូលចិត្ត និងការចង់បានរបស់អ្នកប្រើប្រាស់ ។