ព័ត៌មានជាតិ

ក្រសួងការងារប្រមូលធាតុចូលពីអង្គការអន្តរជាតិ ដើម្បីរៀបចំទារកដ្ឋានសហគមន៍សម្រាប់កម្មករឱ្យមានស្តង់ដារអន្តរជាតិ

ក្រសួងការងារប្រមូលធាតុចូលពីអង្គការអន្តរជាតិ ដើម្បីរៀបចំទារកដ្ឋានសហគមន៍សម្រាប់កម្មករឱ្យមានស្តង់ដារអន្តរជាតិ
ចេញផ្សាយ ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២៤

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះបានបើកកិច្ចប្រជុំប្រមូលធាតុចូលពីអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធានាគារពិភពលោក (World Bank) ដើម្បីរៀបចំទារកដ្ឋានសហគមន៍សម្រាប់កម្មករឱ្យមានលក្ខណៈស្តង់ដារអន្តរជាតិ។

នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ អ្នកជំនាញមកពីអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធានាគារពិភពលោក (World Bank) បានធ្វើបង្ហាញអំពីនីតិវិធីក្នុងការសាងសង់ទារកដ្ឋានសហគមន៍សម្រាប់កម្មករ ការស្ទង់មតិកម្មករនិយោជិតនិងកិច្ចសហការ និងការពិភាក្សាជាមួយនិយោជកដើម្បីសាងសង់ទារកដ្ឋានសហគមន៍ និងផ្តល់អត្ថប្រយោជន៍ឱ្យចំគោលដៅ។

ក្រោយទស្សនាបទបង្ហាញ ឯកឧត្តម រដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះការចែករំលែកបទបង្ហាញនៃការរៀបចំទារកដ្ឋានសហគមន៍សម្រាប់កម្មករ កម្មការិនីរោងចក្រកាត់ដេរ ដោយអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធានាគារពិភពលោក ដែលជាធាតុចូលយ៉ាងសំខាន់លើកិច្ចការបង្កើតទារកដ្ឋានសហគមន៍នាពេលខាងមុខ។

ចំពោះកិច្ចការងារនេះឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយក្រសួងពាក់ព័ន្ធបានដាក់ចេញនៅនិតិវិធីប្រតិបត្តិការស្តង់ដារ (SOP) ក្នុងការបង្កើតទារកដ្ឋានសហគមន៍ ក្នុងនោះក្រសួងការងារបានជជែកពិភាក្សាជាមួយនិយោជកនៃរោងចក្រ សហគ្រាសមួយចំនួនរួចមកហើយទាក់ទងនឹងការជួយជ្រោមជ្រែងលើកិច្ចការងារបង្កើតទារកដ្ឋានសហគមន៍នេះ។

គូសបញ្ជាក់ផងដែរថា ការរៀបចំឱ្យមានទារកដ្ឋានសហគមន៍សម្រាប់កម្មករនេះគឺជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍ទាំងដប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលបានដាក់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុវត្តកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។

Leave a Reply

Your email address will not be published. Required fields are marked *