ក្រោយពីបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នគរបាលខេត្តព្រៃវែង បន្តសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋនៅស្ពានអ្នកលឿង
ខេត្តព្រៃវែង÷ ចាប់តាំងព្រឹកថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤ ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង លោកវរសេនីយ៍ឯក សេង ពន្លក អធិការ នៃអធិការដ្ឋាននគរបាល ស្រុកពាមរក៍ និងលោកវរសេនីយ៍ឯក ជៃ សេងហ៊ាង អធិការ នៃអធិការដ្ឋាននគរបាល ស្រុកព្រះស្ដេច ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំកម្លាំងនគរបាលនិងកម្លាំងប្រជាការពារ ជាច្រើនរយនាក់ជួយសម្រួលចរាចរណ៍ តាមបណ្ដោយផ្លូវជាតិលេខ ១ ជាពិសេសត្រង់ចំណុចស្ពានអ្នកលឿង ដើម្បីបញ្ជៀសការកកស្ទះ បង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅតាមដងផ្លូវ ត្រឡប់ពីស្រុកកំណើតទៅប្រកបមុខរបររកស៊ីនៅរាជធានីភ្នំពេញវិញ ទោះបីស្ថិតក្រោមកម្ដៅថ្ងៃក្ដៅខ្លាំងយ៉ាងណាក៏ដោយ នគរបាល នឹងប្រជាការពារខេត្តព្រៃវែង ខិតខំតស៊ូ ពុះពាររាល់ឧបសគ្គបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃ នគរបាលខេត្តព្រៃវែងគ្រប់យ៉ាងគឺដើម្បីសន្ដិសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋទូទៅ៕