ក្រសួងព័ត៌មាន និងក្រសួងអធិការកិច្ច ចុះអនុស្សរណៈជាមួយគ្នាលើកិច្ចសហប្រតិបត្តិការផលិត និផ្សព្វផ្សាយមាតិកាព័ត៌មានគ្រប់ទម្រង់របស់ក្រសួងអធិការកិច្ច ឲ្យកាន់តែសម្បូរបែប ទាន់ពេលវេលា និងប្រកបដោយគុណភាព នៅលើប្រពន្ធ័ផ្សព្វផ្សាយគ្រប់ប្រភេទទាំងអស់របស់ក្រសួងព័ត៌មាន ទាំងបុរាណ និងទំនើប,
អនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើហត្ថលេខាជាផ្លូវការរវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នាសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។
អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបាន រៀបចំឡើងក្នុងគោលបំណងសហការផលិត ផ្សព្វផ្សាយមាតិកាព័ត៌មានគ្រប់ទម្រង់របស់ក្រសួងអធិការកិច្ច ឱ្យកាន់តែសម្បូរបែប ទាន់ពេលវេលា និង ប្រកបដោយគុណភាព សំដៅបញ្ជាបការយល់ ដឹងរបស់ប្រជាពលរដ្ឋលើវិស័យអធិការកិច្ចនៅកម្ពុជា នៅលើប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទទាំងអស់របស់ក្រសួងព័ត៌មាន ទាំងបុរាណ និងទំនើប ក្នុងនោះរួមមាន ទូរទស្សន៍ជាតិកម្ពុជា (TVK) វិទ្យុជាតិកម្ពុជា (RNK) ទីភ្នាក់សារព័ត៌មានកម្ពុជា (AKP) និងអង្គភាព ផ្សព្វផ្សាយដទៃទៀត ដូចជា វិទ្យុជាតិ AM 918MHZ, FM96MHz គេហទំព័រ កម្មវិធីទូរសព្ទ (App MoINFO) និងបណ្តាញទំនាក់ទំនងសង្គមដទៃទៀតរបស់ក្រសួងព័ត៌មាន សំដៅពង្រីក និងពង្រឹងវិសាលភាពការផ្សព្វផ្សាយព័ត៌មានរបស់ស្ថាប័នសាធារណៈទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
អនុស្សរណៈនៃការយោគយល់នេះ ក៏ជាការគាំទ្រដល់ចក្ខុវិស័យនៃការបន្តដឹកនាំក្រសួងព័ត៌មានឱ្យក្លាយទៅជា «ស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល» ដើម្បីគ្រប់គ្រងលំហព័ត៌មាន និងសន្តិសុខព័ត៌មាននៅកម្ពុជា។
សម្រាប់កិច្ចសហការរវាងក្រសួងព័ត៌មាន និងក្រសួងអធិការកិច្ចនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ និងធានាការទទួលបានព័ត៌មានពិត និងអាចជឿទុកចិត្តបាន ពីស្ថាប័នសាធារណៈដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ខណៈចំនួននៃព័ត៌មានក្លែងក្លាយមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបានបង្កផលវិបាកជាច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា និងពិភពលោក។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន ។
តាមការគួសបញ្ជាក់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានជម្រាបជូនពីការប្តូរឈ្មោះ “ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” មកជា “ក្រសួងអធិការកិច្ច” កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣
គឺដើម្បីឆ្លើយតបទៅនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សំដៅបន្តការកែទម្រង់ស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដែលនឹងផ្ដោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពសា្ថប័ន ការបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍ-មូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាបន្ន និងសង្គមឌីជីថលជាដើម ៕