លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែងនិងជាប្រធានអង្គភាពអនុវត្តគម្រោងNRRPCP,បានចុះត្រួតពិនិត្យវឌ្ឍន៍ភាពការងារសាងសង់ផ្លូវកៅស៊ូ២ជាន់
ព្រៃវែង: លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែងនិងជាប្រធានអង្គភាពអនុវត្តគម្រោងNRRPCP, និងមន្ត្រីបច្ចេកទេសផ្លូវជនបទ(PIU) រួមសហការជាមួយ លោក ឈឹម បញ្ញា មន្ត្រីបច្ចេកទេសផ្លូវជនបទ (PMU) បានចុះត្រួតពិនិត្យវឌ្ឍន៍ភាពការងារសាងសង់ផ្លូវកៅស៊ូ២ជាន់។ ចាប់ផ្តើមពីភូមិកន្សោមអក ទៅភូមិចាន់រ៉ា ក មានប្រវែង ៨,០៦គ.ម ស្ថិតក្នុងស្រុកកំពង់ត្របែក ភ្ជាប់ទៅស្រុកបាភ្នំ ខេត្តព្រៃវែង ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់របស់គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ក្រោមហិរញ្ញប្បទានដោយ ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB Loan: 0446A)។. ផ្លូវនេះស្ថាបនាជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ ទទឹងខ្នងលើសរុប ៨ម៉ែត្រ (ទទឹងចរាចរណ៍ក្រាលកៅស៊ូពីរជាន់ ៦ម៉ែត្រ និងចញ្ចើមផ្លូវ ១ម៉ែត្រ សងខាង ជាប្រភេទក្រាលកៅស៊ូមួយជាន់)។ ក្រុមហ៊ុនទទួលកិច្ចសន្យាសាងសង់ គឺក្រុមហ៊ុនឈ្មោះ បុរ៉េខ្មែរ (Bore Khmer Construction Development Co.Ltd)។
បច្ចុប្បន្នដំណើរការស្ថាបនាផ្លូវនេះសម្រេចបាន ប្រមាណ ៧២% ហើយគ្រោងនឹងស្ថាបនាបញ្ចប់ទាំងស្រុងនៅត្រឹម បំណាច់ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ ផ្លូវនេះលាតសន្ធឹងឆ្លងកាត់ឃុំចំនួនបីគឺឃុំកន្សោមអក ស្រុកកំពង់ត្របែក ឃុំស្ដៅកោង និងឃុំស្ពឺ ខ ស្រុកបាភ្នំ ដោយបែកចេញពីផ្លូវក្រាលកៅស៊ូពីរជាន់ លេខ 313 ឆ្ពោះទៅភ្ជាប់នឹងផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) លេខ 3PV1 នៃខេត្តព្រៃវែង។