របងវត្ត និងសមិទ្ធផលនានា នៅវត្តពោធិវង្ស (ហៅវត្តព្រៃក្តួច) ជាង ៧៣៤ លានរៀល ត្រូវបានសម្ពោធឆ្លង ដាក់ឲ្យប្រើប្រាស់♥
ព្រៃវែង៖ នៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែងបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធឆ្លងរបងវត្ត និងសមិទ្ធផលនានា នៅវត្តពោធិវង្ស (ហៅវត្តព្រៃក្តួច) ស្ថិតនៅភូមិព្រៃក្តួច ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍លើកឡើងថា វិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ និងជាកត្តារួម ចំណែកក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។ ជាក់ស្តែង ការៀបចំកសាងវត្តអារាមនេះ គឺជាការយកចិត្តទុកដាក់របស់ ថ្នាកដឹកនាំក្នុងការអភិវឌ្ឍន៍មូលដ្ឋាន និងបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋសម្រាប់ធ្វើបុណ្យទាន។ ទីអារាម ក៏អាចចាត់ទុកថា ជាផ្នែកមួយដ៏សំខាន់នៅក្នុងការបន្តអនុវត្តគោលនយោបាយសម្រាប់មនុស្សចាស់ ហើយក៏បន្ត ការអនុវត្តគោលនយោបាយសម្រាប់កុមារ និងយុវជនក្រីក្រស្នាក់នៅ។ ទីអារាមបានក្លាយទៅជាជម្រកសុវត្ថិភាព សម្រាប់លោកយាយលោកតា ក្នុងពេលដែលចាស់ទៅហើយត្រូវការសុំសីលសុំទាន មួយចំនួនក៏ត្រូវបានមកស្នាក់ នៅ នឹងទីអារាម។ កុមារ និងយុវជនមួយចំនួនដែលខ្វះលទ្ធភាព ក៏បានប្រើប្រាស់ទីអារាម មួយចំនួនក៏បានបួស ហើយបន្តការសិក្សា។ ឯមួយចំនួនក៏បានមកស្នាក់នៅតាមទីអារាម ដើម្បីទទួលបាននូវការស្នាក់នៅ ហើយបន្តការ សិក្សា។ ទាំងអស់នោះហើយ ដែលជាផលប្រយោជន៍សម្រាប់សង្គមជាតិ។
ឯកឧត្ដម អភិបាលខេត្ត បន្តថា ការកសាងនៅក្នុងវិស័យពុទ្ធចក្រ មានចំណែកទាក់ទងយ៉ាងជ្រាលជ្រៅជាមួយនឹងអាណាចក្រដែរ បើនិយាយអំពីចំណងទាក់ទងរវាងពុទ្ធចក្រ និងអាណាចក្រ ដែលមិនអាចបេះដាច់ពីគ្នាបានទេ។ ជាមួយនឹងការទទួលបាននូវសមិទ្ធផលជាផ្លែផ្កា ក៏ដូចជាការវិវត្តន៍រីកចម្រើនរបស់ប្រទេសជាតិ និងដើម្បីរួម ចំណែកក្នុងការអភិវឌ្ឍន៍និងរក្សាសុវត្ថិភាពនៅមូលដ្ឋាន ឯកឧត្ដម ណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងអាជ្ញាធរគ្រប់ថ្នាក់សូមធ្វើយ៉ាងណារក្សាឲ្យបាននូវសុខសន្តិភាព។ អាជ្ញាធរមូលដ្ឋានត្រូវខិតខំបន្តផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ បន្តរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ពិសេសលើការពង្រឹងការអនុវត្តភូមិ ឃុំ មានសុវត្ថិភាព បន្តដោះស្រាយសំណើរសំណូមពរ បញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានល្អប្រសើរ។
លោក ឡាយ សំអឿន អភិបាលស្រុកបាភ្នំ បានរាយការណ៍ថា សមិទ្ធផលដែសម្ភោធឆ្លងដាក់ឲ្យប្រើប្រាស់នាថ្ងៃនេះមាន កសាងរបងវត្តប្រវែងបរណ្តោយ១២៥ម៉ែត្រ, តសំយ៉ាបសាលាឆន្ទទំហំ ២.៥២ម, ចាក់ដីបំពេញទីធ្លាវត្តទំហំ ២៨៤០ម , ចាក់ប៉េតុងនៅក្នុងទីធ្លាវត្តទំហំ ៧.៧២៥ ម, សង់រូបសំណាក់សម្ដេចព្រះសង្ឃរាជ ជូន ណាត, សង់រូបសំណាកតំណាងឆ្នាំទាំង១២ក្នុងព្រះពុទ្ធសាសនា សរុបចំណាយទាំងអស់ គឺ ៧៣៤.៤២០.៦០០ រៀល( ៧៣៤ លាន ៤២ ម៉ឺន ៦០០ រយ រៀល)៕