ព័ត៌មានជាតិ

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានអនុញ្ញាតឱ្យ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងស្វែងយល់អំពីវិស័យសកម្មភាពមីននៅកម្ពុជា

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានអនុញ្ញាតឱ្យ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងស្វែងយល់អំពីវិស័យសកម្មភាពមីននៅកម្ពុជា

(ភ្នំពេញ) ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងស្វែងយល់អំពីវិស័យសកម្មភាពមីននៅកម្ពុជា។

ក្នុងជំនួបនោះ ភាគីទាំងពីរ បានធ្វើការពិភាក្សាគ្នាដោយឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ ទំនាក់ទំនងមិត្តភាព និងកិច្ចសហការរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសេចក្តីសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ជូនចំពោះ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា និងសហការី ដែលបំពេញបេសកកម្មដ៏មានតម្លៃ ដើម្បីជាផលប្រយោជន៍រួម ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា និងការដាក់ចេញនូវចក្ខុវិស័យដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ដើម្បីឆ្ពោះរកកម្ពុជាគ្មានមីនឆ្នាំ២០២៥។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ដែលដំណើរការរៀបចំនេះ កម្ពុជា សូមស្វាគមន៍ និងត្រូវការការរួមចំណែកជួយគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យកិច្ចប្រជុំនេះទទួលបានជោគជ័យតាមការគ្រោងទុក។

ឯកឧត្តម Martin Vavra បានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា ក៏ដូចជាសមិទ្ធផលសម្រេចបានសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា។ ដោយឡែកពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ឯកឧត្តម Martin Vavra នឹងលើកយកសំណើរបស់កម្ពុជាដាក់ជូនរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ដើម្បីធ្វើការពិនិត្យ និងពិចារណា៕

ដោយ៖ ធូ កុសល ប្រភព៖ អាជ្ញាធរមីន

Leave a Reply

Your email address will not be published. Required fields are marked *