ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កម្ពុជាត្រូវធ្វើការបោសសម្អាតផ្ទៃដី ដែលមានមីនបន្ថែមទៀត ដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨- ២០២៥ និងចក្ខុវិស័យ «កម្ពុជាគ្មានមីនឆ្នាំ២០២៥»

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កម្ពុជាត្រូវធ្វើការបោសសម្អាតផ្ទៃដី ដែលមានមីនបន្ថែមទៀត ដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨- ២០២៥ និងចក្ខុវិស័យ «កម្ពុជាគ្មានមីនឆ្នាំ២០២៥»
ចេញផ្សាយ ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៤
ក្នុងសារលិខិតនាឱកាសប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន «២៤ កុម្ភៈ ២០២៤» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ថ្វីបើវិស័យសកម្មភាពមីន បាននិងកំពុងទទួលលទ្ធផលដ៏ធំធេងយ៉ាងណាក៏ដោយ កម្ពុជាត្រូវធ្វើការបោសសម្អាតផ្ទៃដីដែលមានមីនចំនួន ៥៣៣គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោម ចំនួន ១ ៣២១គីឡូម៉ែត្រការ៉េបន្ថែមទៀត ដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨- ២០២៥ និងចក្ខុវិស័យ «កម្ពុជាគ្មានមីនឆ្នាំ២០២៥»។

សម្តេចធិបតី បានបន្តថា ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែជាកិច្ចការដ៏ចាំបាច់មួយ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមាន ដោយសារគ្រឿងផ្ទុះនៅតាមសហគមន៍ ដែលត្រូវតែយកចិត្តទុកដាក់។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតដា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តការយកចិត្តទុកដាក់ដោះស្រាយបញ្ហា ដែលបង្កឡើងដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និងយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ “ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។

សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធទិវាជាតិយល់ដឹងអំពីមីន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមប្រធានបទ « រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងសហគមន៍» ៕ ដោយ៖ កន ចំណាន

Leave a Reply

Your email address will not be published. Required fields are marked *