ព័ត៌មានជាតិ

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុញ្ញាតឱ្យលោកស្រី Moonjung Choi នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( KOICA) ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុញ្ញាតឱ្យលោកស្រី Moonjung Choi នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( KOICA) ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោកស្រី Moonjung Choi នាយិកា នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

បន្ទាប់ពីបានថ្លែងនូវមតិស្វាគមន៍ចំពោះលោកស្រីនាយិកា និងប្រតិភូអមដំណើររួចមក ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់សុខសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាស្ថាបនិកសន្តិភាពនៅកម្ពុជា។ ជាមួយគ្នានោះឯកឧត្តមក៏បានជម្រាបជូនអំពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ ដូចខាងក្រោម ៖

១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ។
២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ឥរិយាបថល្អ មានសុខភាព និងអនាម័យល្អ ព្រមទាំងមានផាសុកភាព។
៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ។
៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័ននិងអភិបាលកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តជម្រាបជូន អំពីបញ្ហាប្រឈម ដែលក្រសួងកំពុងជួបប្រទះ ដូចជាការកំណត់ទិសដៅអាទិភាពលើការងារពង្រឹងគុណភាពប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តជនបទ ការអប់រំឱ្យប្រជាជននៅជនបទប្រកាន់ការរស់នៅដែលមានអនាម័យល្អ ការលើកទឹកចិត្តបង្កើតមុខរបរ បង្កើនចំណូលគ្រួសារនៅជនបទ តាមរយៈការរៀបចំបង្កើតឱ្យមានភូមិគំរូជាដើម។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងបន្តទៀតថា ក្រសួងបានដាក់ចេញទិសដៅបន្តរបស់ខ្លួន ៦ចំនុចរួមមាន៖

១- ការលើកកម្រិតគុណភាពផ្លូវជនបទ ពីផ្លូវដីទៅជាផ្លូវក្រាលបេតុង និងកៅស៊ូពីរជាន់
២- ការជំរុញស្ថាបនា និងវិនិយោគសាធារណៈលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ( ផ្លូវលំ និងប្រព័ន្ធចែកចាយទឹក និងអនាម័យ) នៅកន្លែងដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។
៣- ការងារថែទាំឱ្យមានចីរភាពយូរអង្វែងនៃសមិទ្ធផលដែលបានកសាងរួច
៤- ការបណ្តុះបណ្តាលធនធានមនុស្សនូវជំនាញមូលដ្ឋាន ដើម្បីបង្កើតមុខរបរទទួលប្រាក់ចំណូលគ្រួសារ
៥- ការរៀបចំគោលនយោបាយ ច្បាប់ និងបទដ្ឋាន នានា
៦- ការពង្រឹងស្ថាប័ន ដោយបន្តជំរុញការធ្វើវិមជ្ឈការ និងវិសហមជ្ឈការដល់មន្ត្រីមូលដ្ឋានដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារ។

ជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូន លោកស្រីនាយិកា និងសហការី អំពីសមិទ្ធផល ក៏ដូចជាវឌ្ឍនភាព ដែលជាកិច្ចសហប្រតិបត្តិការរវាងក្រសួងអភិវឌ្ឍន៍ជនបទ និង KOICA នាពេលកន្លងមក។ លោកស្រីនាយិកាបានប្តេជ្ញាចិត្តបន្តសហការជួយក្រសួងលើការងារអភិវឌ្ឍន៍ជនបទ ដែលមានដូចជាការបន្តជួយពង្រឹងសមត្ថភាពបន្ថែមលើមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ នៅខេត្តកំពង់ស្ពឺ ការជួយបន្តអភិវឌ្ឍភូមិគំរូ និងភូមិសន្តិភាពតាមរូបមន្តចលនាភូមិថ្មី (SMU) និងការជួយលើការងារបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអភិវឌ្ឍន៍ជនបទ៕

Leave a Reply

Your email address will not be published. Required fields are marked *