សម្តេចធិបតី គូសបញ្ជាក់ថាយ វិស័យព័ត៌មាន គឺជាកាតាលីករដ៏សំខាន់ ក្នុងការបង្កើតខ្លឹមសារ ចែកចាយព័ត៌មានអំពីសង្គមជាតិផង
ក៏ដូចជាការបង្ហាញនូវតថភាពសង្គម និងការអភិវឌ្ឍកន្លងមក
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វិស័យព័ត៌មាន គឺជាកាតាលីករដ៏សំខាន់ នៅក្នុងការបង្កើតខ្លឹមសារ និងជាអ្នកចែកចាយព័ត៌មានអំពីសង្គមជាតិ និងការបង្ហាញនូវតថភាពសង្គម និងការអភិវឌ្ឍន៍ ជាក់ស្តែងក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេសកន្លងមក។
ការថ្លែងរបស់សម្តេចធិបតី បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញនេះ។

ឆ្លៀតនាឱកាសនោះ សម្តេចធិបតី បានបន្តថា វិស័យព័ត៌មាន បានរួមចំណែកដោយផ្អែកលើមុខងារដែលសំខាន់ៗដូចជា៖
១-ចូលរួមពង្រឹងលិទ្ធិប្រជាធិបតេយ្យ ដោយផ្អែកលើមូលដ្ឋាននីតិរដ្ឋ
២-បញ្ជូនព័ត៌មានពិត និងរហ័សទាន់ពេល
៣- ផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹង
៤-ជាឆ្មាំត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់
និងទី៥-ចូលរួមចំណែកកែលម្អសង្គមតាមរយៈការផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ ប្រកបដោយតម្លាភាព និងជាអ្នកផ្តល់ធាតុចូល នៅក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល។

សម្តេចបានបន្ថែមថា អំណាចសារព័ត៌មានគឺជាអំណាចទី៤ ដែលអំណាចនេះ បើប្រើប្រាស់ត្រូវ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ សម្រាប់ថែរក្សាសន្តិភាព និង ស្ថេរភាព សម្រាប់ផ្តល់ថាមពលឲ្យប្រជាពលរដ្ឋអាចធ្វើការសម្រេចចិត្ត ក៏ដូចជារាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការឲ្យមានប្រសិទ្ធិភាព៕
