ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋក៏ដូចជាយុវជនទាំងអស់

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋក៏ដូចជាយុវជនទាំងអស់
ចេញផ្សាយ ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥–

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋក៏ដូចជាយុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សី ជាយុវជនត្រូវបន្តវេននៅក្នុងសង្គម ស្របពេលដែលប្រទេសកំពុងតែមានសុខសន្តិភាពពេញលេញ ប្រកបដោយសក្តានុពលខ្ពស់ ដើម្បីបន្តពង្រឹង និងពង្រីកកំណើនសេដ្ឋកិច្ច ដែលជាគោលដៅរួម ឆ្នាំ២០៣០ កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ការលើកឡើងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដូចនេះនាពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តពានរោង ស្ថិតនៅភូមិពានរោង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិតបានលើកឡើងអំពីបញ្ហាក្មេងទំនើង ថ្វីត្បិតតែមួយរយៈនេះមានការថយចុះក៏ពិតមែនក៏វានៅតែជាបញ្ហាមួយដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ និងមិនអាចមើលស្រាលស្ថានការណ៍បានឡើយ ព្រោះការថយចុះនូវករណីក្មេងទំនើងនេះ គឺមិនទាន់ដល់ចំណុចដែលគ្រប់គ្នាចង់បានឡើយ។ ឯកឧត្តមបានអំពាវនាវដល់យុវជនទាំងអស់ត្រូវចៀសឆ្ងាយពីគ្រឿងញៀន ដែលក្នុងនោះទាមទារឱ្យមានការចូលរួមពីសំណាក់អាណាព្យាបាលសហការជាមួយសមត្ថកិច្ច ព្រមទាំងផ្នែកដែលពាក់ព័ន្ធ ព្រោះបញ្ហាគ្រឿងញៀននេះមិនមែនទទួលខុសត្រូវតែលើកងកម្លាំងប្រដាប់អាវុធនោះទេ គឺត្រូវរួមគ្នាពួតដៃទប់ស្កាត់ បង្ការ និងបង្រ្កាបទើបការងារនេះទទួលបានជោគជ័យធំធេង។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្តល់អនុសាសន៍ដល់រដ្ឋបាលខេត្ត អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីឱ្យបន្តយកចិត្តទុកដាក់ឆ្លើយតបដោះស្រាយនូវរាល់សំណូមពរ ក៏ដូចជាតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសប្រជាពលរដ្ឋដែលមានបញ្ហាខ្វះខាតផ្នែកជីវភាព និងងាយរងគ្រោះ និងត្រៀមលក្ខណៈទាំងធនធាន និងមធ្យោបាយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ ដូចជា ភ្លៀង ផ្គររន្ទះ គ្រោះអគ្គិភ័យ ទឹកជំនន់ឱ្យបានទាន់ពេលវេលា និងបន្តអនុវត្តឱ្យមានប្រសិទ្ធភាពបន្ថែមទៀតនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាពិសេសត្រូវបន្តបង្ក្រាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ក្រុមក្មេងទំនើងជាដើម ព្រមទាំងបន្តជំរុញការងារបញ្ជាក់អត្តសញ្ញាណកម្ម ក៏ដូចជាអត្រានុកូលដ្ឋានជូនដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ និងមានតម្រូវការប្រើប្រាស់៕

Leave a Reply

Your email address will not be published. Required fields are marked *