ប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី ចាត់ទុកសម្ដេចតេជោ គឺរដ្ឋបុរសរបស់កម្ពុជា បានដឹកនាំកម្ពុជា តាំងពីអំឡុងពេលសង្គ្រាមស្វែងរកសន្តិភាពជូនកម្ពុជា
ចេញផ្សាយ ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២៥
ឥណ្ឌូណេស៊ី ៖ ប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី បានចាត់ទុកសម្ដេចតេជោ គឺជារដ្ឋបុរសរបស់ កម្ពុជា ដោយសារសម្ដេចតេជោ បានដឹកនាំប្រទេសកម្ពុជា តាំងពីអំឡុងពេលមានសង្គ្រាម ស្វែងរកសន្តិភាពជូនកម្ពុជា និងប្រឹងប្រែងកសាងប្រទេសឱ្យមានការរីកចម្រើនជាលំដាប់ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន (Bachtiar Najamudin) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានព្រឹទ្ធសភា រដ្ឋធានីហ្សាការតា។
ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្ដមប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី បានស្វាគមន៍សម្ដេចតេជោ ព្រមទាំងប្រតិភូកម្ពុជាយ៉ាងកក់ក្ដៅបំផុត ដោយ ឯកឧត្ដមបានចាត់ទុកសម្ដេចតេជោ គឺជាឥស្សរជនដ៏ឆ្នើម និងមានឥទ្ធិពលរបស់កម្ពុជា។ នៅក្នុងជំនួបនេះដែរ សម្ដេចតេជោបានថ្លែងអរគុណចំពោះឯកឧត្តមប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ី ដែលបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេចតេជោនិងគណៈប្រតិភូ នៅក្នុងឱកាសនេះ ដែលបានអនុញ្ញាតក៏ដូចជាបានជួបជជែកគ្នា ផ្លាស់ប្ដូរយោបល់គ្នា លើទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ បានរំលឹកថា ឥណ្ឌូនេស៊ី បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា ដែលសម្ដេចតេជោ បានមកទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីនេះ ជាច្រើនដង ដើម្បីចរចា ។ ដូច្នេះមិនអាចកាត់ផ្ដាច់នូវទំនាក់ទំនង ក៏ដូចជាការជួយជ្រោមជ្រែងរបស់ឥណ្ឌូនេស៊ី បានទេ ហើយឥណ្ឌូនេស៊ី ក៏បានរួមចំណែកនៅក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាផងដែរ ។ សម្ដេចតេជោ ក៏បានរំលេចនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមកដល់ពេលនេះ មានរយៈពេលជាង ៦៥ឆ្នាំមកហើយ ។ សម្ដេចតេជោ បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូណេស៊ី ដែលបន្តមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា និងមានភាពប្រសើរជាលំដាប់ ។ ក្នុងជំនួបនេះ សម្ដេចតេជោក៏បានជំរុញដល់ប្រទេសទាំងពីរឱ្យបង្កើនទំហំពាណិជ្ជកម្មជាមួយគ្នាឱ្យបានច្រើនថែមទៀត។
នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលេចអំពីការចូលរួមដ៏សកម្មក្នុងព្រឹទ្ធសភារវាងប្រទេសទាំងពីរ ដោយភាគីទាំងពីរ បានលើកឡើងនូវគំនិតរួមមួយដូចគ្នា ដែលជាគំនិតថ្មី គឺការបង្កើតឲ្យមានវេទិកាប្រជុំកំពូលព្រឹទ្ធសភា នៅក្នុងតំបន់អាស៊ាន ។ សម្ដេចតេជោបន្តថា វាជាការចាំបាច់ណាស់ដែលព្រឹទ្ធសភានៅក្នុងតំបន់អាស៊ានដើរតួនាទីសំខាន់បន្ថែមទៀត ក្នុងការពង្រឹងនូវទំនាក់ទំនងមិត្តភាព ក៏ដូចជាការដោះស្រាយបញ្ហានៅក្នុងតំបន់អាស៊ាន ។