ព្រឹត្តិការណ៌ប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ខិតជិតមកដល់ហើយ ក្រោមមូលបទ «កីឡារស់ក្នុងសន្តិភាព»
MoINFO APP
ព្រឹត្តិការណ៌ប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ក្រោមមូលបទ «កីឡារស់ក្នុងសន្តិភាព» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានមរតកតេជោ។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា និងឆ្លុះបញ្ចាំងពី ជីវិតក្នុងសុខសន្តិភាព តាមរយៈសន្ទុះនៃការគាំទ្រក្នុងវិស័យកីឡាបាល់ទាត់ ព្រមទាំងរំឭកអនុស្សាវរីយ៍ កាលពីប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ នៅពហុកីឡដ្ឋានជាតិ មរតកតេជោផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់, ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងឧបនាយករដ្ឋមន្ត្រីជាច្រើនទៀត នឹងក្លាយជាកីឡាករបាល់ទាត់របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងការប្រកួតបាល់ទាត់មិត្តភាពនេះ។
ការប្រកួតបាល់ទាត់មិត្តភាពខាងលើ មាន ២គូ គឺគូទី១ ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក. ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ដោយគ្រោងអ្នកចូលរួម ៥ម៉ឺននាក់ ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្រាប់ការប្រកួតគូទី២ នៅវេលាម៉ោង ១៧៖០០នាទី៕