ព័ត៌មានជាតិ

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាព “ពានរង្វាន់ហ្វូតសាល​អូសាកា” អបអរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរនៅប្រទេសជប៉ុន

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាព “ពានរង្វាន់ហ្វូតសាល​អូសាកា” អបអរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរនៅប្រទេសជប៉ុន
ចេញផ្សាយ ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២៤
នៅប្រទេសជប៉ុន ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស​ជប៉ុនអមដោយមន្រ្តី និងបុគ្គលិកស្ថានទូតកាលពីថ្ងៃអាទិត្យទី៦ ខែ​តុលា ឆ្នាំ២០២៤ បានចូលរួមជាអធិបតីក្នុងព្រឹត្តិការណ៍នៃការប្រកួត​កីឡាបាល់ទាត់មិត្តភាព “ពានរង្វាន់ហ្វូតសាលអូសាកា (OSAKA FUTSAL CUP) ” នៅក្រុងអូសាកា ។

វត្តមានរបស់ឯកឧត្តមឯកអគ្គរាជទូត គឺតបតាមការអញ្ជើញរបស់​ឯកឧត្តម ម៉ិច ច័ន្ទមុន្នី ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកផ្តួចផ្តើមរៀបចំព្រឹត្ត​ការណ៍​ប្រកួតបាល់ទាត់នេះឡើង។

ព្រឹត្តិការណ៍នេះ មានការចូលរួមពីក្រុមបាល់ទាត់ខ្មែរទាំង ៨ក្រុម រួមមាន៖ ទី១. ក្រុម CJS FC (ទីក្រុងតូក្យូ), ទី២. ក្រុម OSAKA FC (ក្រុងអូសាកា), ទី៣. ក្រុម MINATO FC (ក្រុងអូសាកា), ទី៤. ក្រុម OSAKA Shijonawate FC (ក្រុងអូសាកា), ទី៥. ក្រុម KHMER AYASE (ខេត្តកាណាហ្គាវ៉ា), ទី៦. ក្រុម HYOGO JAPAN (ខេត្តហ្យូហ្គូ), ទី៧. ក្រុម GCF SAMBO FC (ក្រុងអូសាកា) និង ទី៨. ក្រុម KYOTO FC (ទីក្រុងក្យូតូ) ព្រមទាំងមានសហគមន៍ខ្មែរ កម្មសិក្សាការី-ពលករជំនាញខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សាក្នុងប្រទេសជប៉ុនបានចូលរួមទស្សនាយ៉ាងច្រើនកុះករ។

ឯកឧត្តមឯកអគ្គរាជទូតមានប្រសាសន៍ក្នុងឱកាសនេះដោយបង្ហាញនូវក្តីសប្បាយរីករាយ និងការកោតសរសើរចំពោះឯកឧត្តម ម៉ិច ច័ន្ទមុន្នី និងក្រុមការងារដែលបានផ្តួចផ្តើមរៀបចំកម្មវិធីប្រកួតនៅថ្ងៃនេះ ដែលជាការផ្តល់ឱកាសឱ្យបងប្អូនខ្មែរ នៅជប៉ុន បានជួបជុំ​គ្នាអបអរ​ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ តាមរយ:ការលេងកីឡា ដើម្បីជួយ​ពង្រឹងផ្នែកសុខភាព និងបង្កើនមិត្តភាព និងសាមគ្គីភាព​ក្នុងចំណោម​បងប្អូនខ្មែរនៅជប៉ុន។

ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ពីការអភិវឌ្ឍ និងសមិទ្ធផល លេចធ្លោមួយចំនួននាពេលថ្មីៗនេះ ក្រោមកិច្ចខិតខំប្រឹង​ប្រែងរបស់រាជ​រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត មានជាអាទិ៍ ៖ (១) ការបន្តអភិវឌ្ឍន៍ និងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងផ្លូវក្រវាត់ព្រំដែន នៅតំបន់ភាគឦសានរបស់កម្ពុជា និងបានលើកទឹក​ចិត្តឱ្យបងប្អូន​ខ្មែរជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការការពារព្រំដែន ក៏ដូចជាអធិបតេយ្យភាពរបស់កម្ពុជា, ២) ការចូលរួមកម្សាន្តរបស់​ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដែលទើបបានបញ្ចប់នាពេលថ្មីៗនេះ និង(៣) ការចូលរួមអបអរសាទរ​ចំពោះការបំបែកកំណត់ត្រាពិភពលោក Guinness world records របស់កម្ពុជាក្នុង “ការតាំងបង្ហាញរថយន្តទំនើប/រថយន្ត Sport ដ៏ធំបំផុត” (THE LARGEST DISPLAY OF SUPER CARS / HYPER CARS) ដែលបានរៀបចំដោយក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈព្រឹត្តិការណ៍ Gumball 3000 Rally ។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានជូនដំណឹងអំពីគម្រោងរបស់ស្ថាន​ឯកអគ្គរាជទូតកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត​បាល់ទាត់​មិត្តភាពក្នុងចំណោមបងប្អូនខ្មែរនៅជប៉ុន ក៏ដូចជាការប្រកួតបាល់​ទាត់មិត្តភាពរវាងក្រុមបាល់ទាត់ខែ្មរ និងបណ្តាប្រទេស​សមាជិកអាស៊ាននៅក្នុងឆ្នាំ២០២៥ខាងមុខ ៕

Leave a Reply

Your email address will not be published. Required fields are marked *