ព័ត៌មានសិល្បះនិងកីឡា

អាស៊ីអាគ្នេយ៍គាំទ្រកម្ពុជាធ្វើម្ចាស់ផ្ទះជើងឯកចំបាប់អាស៊ីអាស៊ីគ្នេយ៍ ដោយសារកម្ពុជារៀបចំបានល្អ និងយុត្តិធម៌

  •  អាស៊ីអាគ្នេយ៍គាំទ្រកម្ពុជាធ្វើម្ចាស់ផ្ទះជើងឯកចំបាប់អាស៊ីអាស៊ីគ្នេយ៍ ដោយសារកម្ពុជារៀបចំបានល្អ និងយុត្តិធម៌

ចេញផ្សាយ ថ្ងៃទី 
 ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣–

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍គូសបញ្ជាក់ថា មូលហេតុចម្បង ដែលបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ២ឆ្នាំជាប់គ្នា ឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ គឺដោយសារកម្ពុជារៀបចំបានល្អ ជាពិសេសគឺម្ចាស់ផ្ទះកម្ពុជាជំរុញ និងគាំទ្រឱ្យមន្ត្រីអាជ្ញាកណ្តាល ចៅក្រមអន្តរជាតិកាត់សេចក្តីប្រកបដោយយុត្តិធម៌បំផុត។

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅការិយាល័យវិទ្យាស្ថាន ខេមអេដ លោក ខេស៊ី បាណេត បានសង្កត់ធ្ងន់ថា ៖«ដើម្បីបង្កើនគុណភាពក្នុងការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃទី០៦-០៩ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិកឱ្យកាន់តែល្អប្រសើរ គឺមន្ត្រីអាជ្ញាកណ្តាលកម្ពុជាចំនួន៦នាក់ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិត្រូវចូលរួមបម្រើការងារក្នុងការប្រកួតនេះ។ ដូច្នេះក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជានឹងបង្កើនបានទាំងគុណភាពទាំងមន្ត្រីអាជ្ញាកណ្តាល និងកីឡាករ កីឡាការិនី។ បណ្តាប្រទេសនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍បានចាត់ទុកថា កម្ពុជា គឺជាប្រទេសមួយដែលអព្យាក្រឹត មិនលម្អៀង និងគោរពគេទាំងអស់គ្នា ដើម្បីផ្តល់លទ្ធភាពឱ្យប្រទេសទាំងអស់ចូលរួមប្រកួតដោយស្មើសិទ្ធិគ្នា ព្រមទាំងមានអាជ្ញាកណ្តាលប្រកបដោយយុត្តិធម៌។ ដូច្នេះ ពួកគេកោតសរសើរកម្ពុជាយើង ហើយពួកគាត់សប្បាយរីករាយ ក្នុងការចូលរួមប្រកួតជាមួយយើង»។

បន្ថែមពីលើនេះ ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេ៍យ៍រូបនេះមានប្រសាសន៍ទៀតថា ក្នុងព្រឹត្តិការណ៍នេះមានការចូលរួមពីតំណាងសហព័ន្ធកីឡាចំបាប់អន្តរជាតិ តំណាងអាជ្ញាកណ្តាលអូឡាំពិកអន្តរជាតិ ដើម្បីគ្រប់គ្រងលើការប្រកួតនេះ។ «ក្រៅពីនេះ គឺភាគីទាំងអស់ទុកចិត្តលើកម្ពុជាយើង ដូច្នេះរាល់ការរៀបចំនូវប្រព័ន្ធបច្ចេកទេស ប្រព័ន្ធដាក់ពិន្ទុ គឺការបន្ទុករៀបចំរបស់ម្ចាស់ផ្ទះកម្ពុជា ដែលយើងមានអ្នកជំនាញបច្ចេកទេសគ្រប់គ្រាន់»។

លោក ខេស៊ី បាណេត បានចាត់ទុកការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺមានសារសំខាន់ខ្លាំងណាស់ ដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេសរបស់កីឡាករជម្រើសជាតិកម្ពុជាក្នុងការត្រៀមខ្លួនទៅប្រជែងមេដាយក្នុងព្រឹត្តិការណ៍ធំៗចំនួន២បន្តបន្ទាប់ គឺការប្រកួតស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ និងត្រៀមខ្លួនទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ខាងមុខ។

ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នឹងចាប់ផ្ដើមដំណើរការប្រកួតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានកីឡាករ កីឡាការិនីចូលរួមសរុបចំនួន ២៧៦ នាក់ មកពីប្រទេសវៀតណាម ឡាវ ថៃ សិង្ហបុរី ហ្វីលីពីន ឥណ្ឌូណេស៊ី និងម្ចាស់ផ្ទះ កម្ពុជា។ ការប្រកួតនេះដែរគឺបែងចែកកម្រិតក្រោមអាយុ១៧ឆ្នាំ ក្រោម ២០ ឆ្នាំ និងកម្រិតលើស២០ឆ្នាំ។

លោក ខេស៊ី បាណេត បានលើកឡើងទៀតថា គោលបំណងចម្បងនៃការរៀបចំជាម្ចាស់ផ្ទះ កម្ពុជានឹងបានពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជាឲ្យមានភាពកាន់តែខ្លាំងក្លា ដើម្បីប្រជែងមេដាយក្នុងឆាកអន្តរជាតិ ពិសេស គឺចង់រក្សាចំណាត់ថ្នាក់មេដាយក្នុងការប្រកួតស៊ីហ្គេម ចំនួន ២០គ្រឿង ដែលកម្ពុជាដណ្តើមបាន ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ កាលពីខែឧសភា ឆ្នាំ២០២៣។ សូមរម្លឹកថា ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ គឺកម្ពុជាដណ្ដើមបានមេដាយចំនួន ១៩ គ្រឿង៕

Leave a Reply

Your email address will not be published. Required fields are marked *