ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំណត់ចក្ខុវិស័យលើការងារអាទិភាពចំនួនបី
ចេញផ្សាយ ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៤
ភ្នំពេញ ៖យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៅចំណុចបញ្ចកោណទី៤ មុំទី៤ បានបញ្ជាក់អំពីការពង្រឹងទៅលើការគ្រប់គ្រង និងធ្វើទំនើបកម្មនគរូបនីយកម្ម។ ដើម្បីសម្រេចបានតាមយុទ្ធសាស្ត្រនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មបានដាក់ចេញនូវការងារអាទិភាពចំនួនបីគឺ «ការចុះបញ្ជីដីធ្លីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ»។
តើការងារអាទិភាពទាំងបីមានអ្វីចខ្លះ?
១. ការចុះបញ្ជីដីធ្លីបង្ហើយ ៖ ទាក់ទិននឹងការចុះបញ្ជីដីធ្លីបង្ហើយ ក្រសួងបានធ្វើការងារជម្រះទិន្នន័យក្នុងផែនការ៧លានក្បាលដី ការងារជំរុញការចុះបញ្ជីដីធ្លីបង្ហើយផែនការ ៥លានក្បាលដី ការងារចុះបញ្ជីដីរដ្ឋតាមនីតិវិធីពិសេស ការចុះបញ្ជីដីបុរាណដ្ឋាន និងការងារចុះបញ្ជីដីបឹងទន្លេសាបទាំង ៦ខេត្ត។
យោងតាមឯកសាររបស់ក្រសួងដែនដី ក្បាលដីប៉ានស្មានដែលមិនទាន់បានចុះបញ្ជីមានប្រមាណជាង ៥លានក្បាលដី ដែលត្រូវបញ្ចប់ការវាស់វែងក្នុងរយៈពេល២ឆ្នាំ (២០២៤-២០២៥)។
២. សេវាគាប់ចិត្ត ៖ សេវាគាប់ចិត្ត ត្រូវបានដាក់ចេញដើម្បីលើកកម្ពស់សេវាសាធារណៈ ទំនើប និងការគ្រប់គ្រងទិន្នន័យ ដើម្បីផ្ដល់សេវាលឿនរហ័ស។ ក្នុងនោះ ក្រសួងបានផ្ដោតសំខាន់លើសេវាមួយចំនួនដូចជា ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ (មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា) គោលនយោបាយច្បាប់ និងលិខិតបទដ្ឋាគតិយុត្ត សេវាសាធារណៈក្នុងវិស័យរៀបចំដែនដី និងយុទ្ធសាស្ត្រក្នុងការរៀបចំសេវាសាធារណៈតាមប្រព័ន្ធឌីជីថល។
ការសម្រេចបាននូវការងារអាទិភាពទី២នេះ គឺជាចំណែកដ៏ធំមួយក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី ដែលស្មើទៅនឹងការបង្កើនចំណូលមិនមែនសារពើរពន្ធ បង្កើនទំនុកចិត្តពីប្រជាជន ព្រមទាំងផ្សារភ្ជាប់ឱ្យកាន់តែជិតស្និទ្ធរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។
៣. បរិយាកាសមិនមានវិវាទលើវិស័យដីធ្លី ៖ ត្រង់ចំណុចនេះ ក្រសួងបានកំណត់ឬសគល់នៃវិវាទ ដែលបណ្ដាលមកពីកត្តាធំៗរួមមាន ដីមិនទាន់ចុះបញ្ជី ការគ្រប់គ្រងកាន់កាប់មិនជាប់លាប់ ការកំណត់ព្រំដីរដ្ឋមិនទាន់បានច្បាស់លាស់ ខ្វះការយល់ដឹងផ្លូវច្បាប់ ការរៀបចំដែនដីពុំទាន់មានប្លង់គោលគ្រប់គ្រាន់ ការតាំងលំនៅឋានលើដីរដ្ឋ និងការបង្កើតចលនាតវ៉ាជាដើម។
ជាដំណោះស្រាយ ក្រសួងបានកំណត់គោលដៅ និងដាក់ចេញនូវផែនការសកម្មភាពមួយចំនួនដូចជា ការពន្លឿនការចុះបញ្ជីបង្ហើយនៅទូទាំងប្រទេសត្រឹមបំណាច់ឆ្នាំ ២០២៦ ការចុះបញ្ជីដីរដ្ឋ បង្កើនល្បឿនការងាររៀបចំដែនដី កែសម្រួលសមាសភាពគណៈកម្មការរៀបចំដែនដី រៀបចំប្លង់គោល ជំរុញការងារលំនៅឋាន និងលុបបំបាត់ចលនាដីធ្លី៕