ព័ត៌មានជាតិ

កម្ពុជា ស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនអាល្លឺម៉ង់ ដាក់ទុកវិនិយោគផ្នែកភស្ដុភារកម្ម

កម្ពុជា ស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនអាល្លឺម៉ង់ ដាក់ទុកវិនិយោគផ្នែកភស្ដុភារកម្ម
ចេញផ្សាយ ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៤
MoINFO APP

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ជូនលោកនាយកប្រតិបត្តិក្រុមហ៊ុនក្រុមហ៊ុនដឹកជញ្ជូនអាល្លឺម៉ង់ Bayernhafen Nürnberg​ ថាបេសកកម្មរបស់គណៈប្រតិភូកម្ពុជានាឱកាសនេះ បានធ្វើឡើងដើម្បីបញ្ជ្រាបអំពីសក្ដានុពលវិនិយោគ និងបច្ចុប្បន្នភាពនៃការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជាជូនដល់វិនិយោគិនបានទទួលជ្រាប។

ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចុះទស្សនកិច្ចមជ្ឈមណ្ឌលដឹកជញ្ជូន Bayernhafen Nürnberg កាលពីរសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ ក្រោយពីក្រុមហ៊ុននង្ហាញនូវចំណាប់អារម្មណ៍ខ្ពស់ចំពោះប្រតិបត្តិការវិនិយោគ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យក្រុមហ៊ុន ពិចារណាដាក់ទុកវិនិយោគរបស់ខ្លួន លើផ្នែកភស្ដុភារកម្មនៅកម្ពុជា។

សូមជម្រាបថា Bayernhafen Nürnberg គឺជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្ដុភារកម្មដ៏សំខាន់បំផុតមួយ ដែលតភ្ជាប់រវាងផ្លូវដែក និងផ្លូវទឹកប្រកបដោយប្រសិទ្ធភាព។ ឧស្សាហកម្មចម្រុះនៅក្នុង Bayernhafen Nürnberg រួមមានអន្តរមធ្យោបាយដឹកជញ្ជូននិងភស្ដុភារកម្ម ការដឹកជញ្ជូនទំនិញ ការកែច្នៃ ឧស្សាហកម្ម ពាណិជ្ជកម្ម ឃ្លាំង និងការផ្តល់សេវាទាក់ទងនឹងការដឹកជញ្ជូនជាដើម។

ក្រុមហ៊ុន Bayernhafen Nürnberg ប្រើប្រាស់ការដឹកជញ្ជូនតាមផ្លូវទឹកក្នុងទីក្រុងទៅកាន់កំពង់ផែសមុទ្រតាមរយៈព្រែកជីក Rhine–Main–Danube ដែលទម្រង់នៃការដឹកជញ្ជូននេះគឺមានភាពស្រដៀងគ្នាទៅនិងគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា ដែលនឹងតភ្ជាប់ការដឹកជញ្ជូនពីទន្លេទៅសមុទ្រកម្ពុជា៕

ឆ្លៀតនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះពិនិត្យមជ្ឈមណ្ឌលដឹកជញ្ជូននិងភស្ដុភារកម្ម និងព្រែកជីក Rhine–Main–Danube របស់អាល្លឺម៉ង់ ព្រមទាំងបានសាកសួរអំពីបទពិសោធន៍នៃការវិនិយោគរបស់ក្រុមហ៊ុនលើគម្រោងយក្សផ្នែកដឹកជញ្ជូននិងភស្ដុភារកម្ម ពិសេសបទពិសោធន៍របស់ក្រុមហ៊ុនក្នុងការប្រើប្រាស់ព្រែកជីកនេះ ដើម្បីសម្រួលដល់ការដឹកជញ្ជូនពីផ្លូវទឹកមកផ្លូវដែកក្នុងប្រទេស ដែលនេះមានប្រយោជន៍សម្រាប់កម្ពុជាប្រើប្រាស់ជាទឡ្ហីករក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពហុមធ្យោបាយរបស់ខ្លួនបានផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *