រយៈពេល៣ខែដើមឆ្នាំ២០២៥ បរិមាណព័ត៌មានក្លែងក្លាយនៅតែកើតមានច្រើនដែលគួរអោយបារម្ភ
ចេញផ្សាយ ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៥
MoINFO APP
ឯកឧត្តម ទេព អស្ចារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានអោយដឹងថា ក្នុងរយៈពេលចំនួន១ត្រីមាសដំបូងនៃដើមឆ្នាំ២០២៥នេះ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ ក្រសួងព័ត៌មាន បានកត់ត្រាឃើញព័ត៌មានក្លែងក្លាយ សរុបចំនួន ៨៨៤ករណី។
យោងតាមក្រសួងព័ត៌មានបានអោយដឹងទៀតថា កាលពីត្រីមាសទី២ ឆ្នាំ២០២៤ កើតមានព័ត៌មានក្លែងក្លាយចំនួន៨៨១ ករណី ហើយកាលពីត្រីមាសទី៣ ឆ្នាំ២០២៤ កើតមានព័ត៌មានក្លែងក្លាយចំនួន៩៨៥ករណី។ ការកើនឡើងនៃព័ត៌មានក្លែងក្លាយស្របពេលដែលការប្រើប្រាស់តាមបណ្តាញសង្គម ហ្វេសប៊ុក តិកតុក តេឡេក្រាម អ៊ីនស្តាក្រាម ជាពិសេសការប្រើបច្ចេកវិទ្យាទំនើប «សញ្ញាសិប្បនិម្មិតAI» មានសន្ទុះ កើនឡើងកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា។ បរិមាណព័ត៌មានក្លែងក្លាយនេះ បានបង្កើនការព្រួយបារម្ភនៅក្នុងសង្គម ខណៈព័ត៌មានក្លែងក្លាយបានបង្កទុក្ខទោសដល់សង្គម បន្ទុចបង្អាក់ដល់ការអភិវឌ្ឍនិងបង្កអសន្តិសុខ អស្ថេរភាពចំពោះប្រទេសជាតិ។
ជាការឆ្លើយតបក្រសួងព័ត៌មានកាលពីថ្ងៃទី១ខែមេសាឆ្នាំ២០២៥បានបង្កើតយុទ្ធនាការ ប្រឆាំងព័ត៌មានក្លែងក្លាយទូទាំងប្រទេសដែលមានឈ្មោះថា «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!»។ យុទ្ធនាការដែលមានរយះពេលពេញ១ឆ្នាំនេះ បង្កើតឡើង ក្នុងគោលបំណងផ្លាស់ប្តូរឥរិយាបទ របស់ប្រជាជន ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា។
ក្រសួងព័ត៌មានបង្កើតយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!»នេះឡើងក្នុងកិច្ចប្រឹងប្រែងកាត់បន្ថយនិងលុបបំបាត់ព័ត៌មានក្លែងក្លាយនៅក្នុងសង្គមកម្ពុជា។
យុទ្ធនាការនេះបានធ្វើសកម្មភាពបាន ផ្តោតទៅលើគោលសំខាន់ចំនួន៣ គឺ ទី១៖ ធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ, ទី២៖ គុណភាពព័ត៌មាន ផ្តល់ជូនប្រជាពលរដ្ឋ ទី៣៖ សុវត្ថិភាពព័ត៌មានសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ កិច្ចការងារនេះ គឺជាការរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពសង្គម៕