សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថាគោលដៅ ១ពាន់លានដុល្លារនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាង កម្ពុជា-តួកគី អាចសម្រេចបាននាពេលខាងមុខ
ចេញផ្សាយ ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៤
APP MoINFO
នាព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ។
ឆ្លៀតនាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៥ នៃព្រឹទ្ធសភានេះ សម្តេចនឹងផ្ដោតអទិភាពសំខាន់ទៅលើកិច្ចការងារបរទេស។ ទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីវិញ សម្ដេចតេជោបានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរបស់យើងគឺនៅតូចនៅឡើយ ដែលពុំទាន់សក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាន ។ សម្តេចជឿជាក់ថាគោលដៅ ១ពាន់លានដុល្លារនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរអាចសម្រេចបាននាពេលខាងមុខ ។
ទាក់ទងទៅនឹងការហោះហើរត្រង់ពីតួកគីមកកម្ពុជា សម្ដេចតេជោ បានមានប្រសាសន៍ថា វានឹងអាចធ្វើឲ្យទេសចរណ៍ពីប្រទេសជិតខាងតួកគី យកប្រទេសទួគីជាកន្លែងចាប់ផ្ដើមធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកម្ពុជាផងដែរ។
ឆ្នាំនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ សម្ដេចបានណែនាំឲ្យ ស្ថាប័នទាំងពីរគួរតែមានកម្មវិធីឱ្យច្រើនដើម្បីរំលឹកខួបទំនាក់ទំនងនេះ។
សូមបញ្ជាក់ជូនថា នៅក្នុងជំនួបនេះដែរ សម្ដេចតេជោ បានរៀបរាប់ប្រាប់លោកជំទាវទូតពីគោលបំណង ដែលសម្ដេចសម្រេចធ្វើការផ្លាស់ប្ដូរ និងផ្ទេរអំណាចទៅដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយជាការសម្រេចចិត្តរបស់ប្រជាជនកម្ពុជា ដែលទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោ បានបន្តទៀតថាការផ្លាស់ប្ដូរថ្នាក់ដឹកនាំបន្តវេនក្នុងរយៈពេល៨ខែកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានដំណើរការល្អប្រសើរ មានស្ថិររភាព កំណើនសេដ្ឋកិច្ចល្អប្រសើរ និងអតិផរណាស្ថិតនៅក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។
ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំអញ្ជើញប្រធានសភាតួកគី មកចូលរួមវេទិកាអន្តរសភាដើម្បីការអត់ឱ្ និង សន្តិភាព និងមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិគណបក្សនយោបាយអាស៊ី (ICAPP) ដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញធ្វើជាធិបតី និង ដឹកនាំកិច្ចប្រជុំនៃមហាសន្និបាតនេះ ហើយសម្ដេចតេជោ នឹងត្រូវបានអញ្ជើញធ្វើជាប្រធានកិត្តិយស នៅក្នុងកិច្ចប្រជុំនោះផងដែរ។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណចំពោះលោកជំទាវ ដែលបានចូលរួមរំលែកទុក្ខចំពោះឧបទ្ទវហេតុ កើតឡើងកាលពីចុងសប្តាហ៍នេះ និង បណ្តាលធ្វើឲ្យយោធិនយើងចំនួន២០រូបបានស្លាប់បាត់បង់ជីវិត និងមួយចំនួនទៀតទទួលរងរបួស។ សម្ដេចតេជោ ក៏បានអរគុណលោកជំទាវ ដែលបានអបអរសាទរចំពោះសម្ដេច ដែលបានក្លាយជាប្រធានព្រឹទ្ធសភានាពេលនេះ ហើយសម្ដេចក៏បានអរគុណផងដែរ ដល់ឯកឧត្តមប្រធានសភាតួកគី ដែលបានផ្ញើសារអបអរសាទរ ហើយសម្ដេចនៅចាំបានថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសតួកគី ពេលដែលជួបគ្នាកាលពីអំឡុងខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ស្ថិតនៅក្នុងតំណែងជានាយករដ្ឋមន្ត្រី សម្ដេចក៏បានជួបជាមួយឯកឧត្តមប្រធានសភាតួកគីផងដែរ។
ក្រៅពីទំនាក់ទំនងទ្វេភាគី សម្ដេចតេជោប្រធានព្រឹទ្ធសភា និងលោកជំទាវឯកគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា ក៏បានពិគ្រោះពិភាក្សាគ្នាផងដែរ ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេស សភាពការណ៍នៃសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន និងសភាពការណ៍នៅមជ្ឈិមបូព៌ាផងដែរ៕