សម្ដេចតេជោ ហ៊ុន សែន៖ បើសិនជាមិនទៅឱ្យតុលាការកាត់ក្ដីទេករណីនៅតំំបន់មុំបី ដូចគ្នានៅតំបន់កាហ្សា រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដោះអត់ចប់ទេ ហើយវ៉ៃគ្នារហូត
ចេញផ្សាយ ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០២៥
MoINFO APP
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជព្រឹទ្ធសភា និងរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា បញ្ហាព្រំដែនកម្ពុជា-ថៃ បើសិនជាមិនទៅឱ្យតុលាការយុត្ដិធម៌អន្ដរជាតិ(ICJ ) កាត់ក្ដីទេ ករណីនៅតំបន់មុំបី ដូចគ្នាទៅដូចជាតំបន់កាហ្សា រវាង ប៉ាឡេស្ទីន និងអ៊ីស្រាអែល ដោះអត់ចប់ទេ ហើយវ៉ៃគ្នារហូត។ ការថ្លែងរបស់សម្ដេចតេជោប្រធានព្រឹទ្ធសភាបែបនេះ ក្នុងកិច្ចជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ស្ថានភាពនេះយើងអត់បោះបង់ចោលយន្ដការនៃការចរចាណាមួយទេ ប៉ុន្ដែការចរចាលើកនេះ យើងនឹងបបួលភាគីថៃ យកចំណុចរសើបទាំង៤កន្លែង ក្នុងការដោះស្រាយបញ្ហាអធិបតេយយ្យភាពនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិ(ICJ)។ សម្ដេចតេជោលើកឡើងថា ឯគណៈកម្មការព្រំដែន នៅបន្ដពិនិត្យដើររកបង្គោល និងបោះបង្គោលបន្ដទៀត បានសេចក្ដីថា គណៈកម្មការនេះ អត់ចោលទេ គឺយើងប្រឹងហើយវាចប់រឿងនេះទេ យើងយកទាំង៤ចំណុចហ្នឹងទៅតុលាការតែប៉ុណ្ណោះ ហើយក្រៅពីនោះ គឺគណៈកម្មការនៅបន្ដដើរ ដើម្បីវាស់វែងកំណត់ព្រំដែនជាក់លាក់។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា៖ «បើសិនជាមិនទៅឱ្យតុលាការកាត់ក្ដីទេ រឿងនេះ វាទៅដូចជាតំបន់កាហ្សា រវាង ប៉ាឡេស្ទីន និងអ៊ីស្រាអែល ដូចគ្នា ដោះអត់ចប់ទេ ហើយវ៉ៃគ្នារហូត បើមិនតូចធំ បើមិនធំតូចគឺប៉ុណ្ណឹង។ អីចឹង តើខ្លាចអី នឹងទៅកាន់តុលាការ បើសិនជាយើងមានចិត្ដស្មោះត្រង់ កម្ពុជាគ្មានត្រូវការទឹកដីអ្នកណាទេ ហើយកម្ពុជាបាត់បង់ទឹកដីច្រើនណាស់ហើយ កម្ពុជាក៏មិនទាមទារយកទឹកដីត្រឡប់មកវិញដែរ»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា តែកម្ពុជាសុំរក្សាសិទ្ធិការពារទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ មិនឱ្យអ្នកណាផ្សេងមកដណ្ដើមទទួលយកនោះទេ។ សម្ដេចតេជោប្រធានព្រឹទ្ធសភាក៏បានរម្លឹកផងដែរថា កម្ពុជាបានធ្វើការចរចាជាមួយវៀតណាម បោះបង្គោលរួចជាស្រេចចំនួន៨៤ភាគរយ រួចទៅហើយ នៅសល់១៦ភាគរយទៀតកំពុងធ្វើការចរចា ហើយភាគីទាំងពីរគោរពគ្នាទៅវិញទៅមក។ ចំពោះកម្ពុជាជាមួយឡាវបានចរចា បោះបង្គោលព្រំដែនចំនួន ៨៦ភាគរយហើយ នៅសល់១៤ភាគរយទៀត កំពុងបន្ដការចរចា ដោយមានការគោរពគ្នា។ ប៉ុន្ដែព្រំដែនកម្ពុជា-ថៃ គឺ២៥ឆ្នាំ អត់ទាន់មានធ្វើអ្វីទេ ក្រៅពីការដើរស្វែងរកបង្គោលតែប៉ុន្មាននោះតែប៉ុណ្ណោះ ហើយចំណុចរសើបទាំងប៉ុន្មានបើមិនដោះស្រាយទេ រឿងនេះវានៅតែបន្ដ។ សម្ដេចតេជោបានបញ្ជាក់បន្ថែមថា៖ «ខ្ញុំសូមបញ្ជាក់ថា មិនមែនយកបញ្ហាការប្ដឹងផ្ដល់មួយនេះ ហើយបញ្ឈប់នូវកិច្ចសហប្រតិបត្តិការវាងកម្ពុជា និងថៃ លើគ្រប់វិស័យដែលមានរួចទៅហើយទេ រឿងក្ដីគឺរឿងក្ដី តែរឿងកិច្ចសហប្រតិបត្តិការនៅតែជាកិច្ចសហប្រតិបត្តិការ មិត្ដភាពរបស់យើងត្រូវតែមាន»។