ព័ត៌មានជាតិ

ពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត ប៊ីវ៉ាយឌី ខេមបូឌា (The Groundbreaking Ceremony of BYD Cambodia Passenger Vehicle Factory)

ពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត ប៊ីវ៉ាយឌី ខេមបូឌា (The Groundbreaking Ceremony of BYD Cambodia Passenger Vehicle Factory)
ចេញផ្សាយ ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៥
ឯកឧត្តម វ៉ាង វិនពីន (WANG WENBIN) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត ប៊ីវ៉ាយឌី ខេមបូឌា The Groundbreaking Ceremony of BYD Cambodia Passenger Vehicle Factory នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ សីហនុ ដោយមានការចូលរួមពីឯកឧត្តម អភិបាលខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព ភ្ញៀវជាតិ អន្តរជាតិ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត បានស្វាគមន៍រួមអបអរសាទរពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត BYD CAMBODIA ជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគិន មកលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខដឹកនាំ ដោយបាន​លើកឡើងថា “ខ្ញុំសូមជូនពរឱ្យក្រុមហ៊ុន BYD CAMBODIA ទទួលបានជោគជ័យក្នុងមុខជំនួញរបស់ខ្លួន និងមានការគាំទ្រកាន់តែច្រើនឡើងពីអតិថិជន”។ រោងចក្រនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងខេត្តឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋទាំងក្នុងខេត្តព្រះសីហនុ និងខេត្តផ្សេងៗរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះឆ្តោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តម វ៉ាង វិនពីន (WANG WENBIN) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា រោងចក្រដំឡើងរថយន្ត ប៊ីវាយឌី ខេមបូឌានាពេលនេះ ដែលប្រទេសទាំងពីរបានខិតខំប្រឹងប្រែង ដើម្បីបង្កើតឡើងនូវរោងចក្រដំឡើងរថយន្ត BYD ជាលទ្ធផលសំខាន់ ជានិមិត្តរូប និងជាគម្រោងផលិតកម្មរថយន្តក្នុងការពន្លឿនវិស័យឧស្សាហកម្ម និងកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចរវាងចិន កម្ពុជាផងដែរ ក្រុមហ៊ុន BYD បាននាំយកបច្ចេកវិទ្យាទំនើប និងមាន បទពិសោធន៍នៃឧស្សាហកម្មពាក់ព័ន្ធនានា និងការជួយបណ្តុះបណ្តាលកម្មករកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនាពេលអនាគត។ នេះជាគម្រោងផលិតយានជំនិះស្របតាមយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការចូលរួមកាត់បន្ថយឧស្ម័នកាបូន និងធ្វើឱ្យកាន់តែប្រសើរឡើងប្រកបដោយគុណភាពខ្ពស់។ ចំពោះមូលហេតុដែលក្រុមហ៊ុន BYD ជ្រើសរើសកម្ពុជាបង្កើតរោងចក្រដំឡើងរថយន្តនាពេលនេះ ជាគំរូមិត្តភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពដែកថែបរយពេល ៧០ឆ្នាំមកហើយ អាចនិយាយបានថា ជាមិត្តភាពដែកថែបមិនអាចបំបែកបាន។ ចិន និងកម្ពុជា បានជំរុញមិត្តភាពដែកថែប និងកសាងសហគមន៍ ជោគវាសនារួមចិន កម្ពុជា ដោយពន្លឿនច្រករបៀងឧស្សាហកម្មរវាងភាគីទាំងពីរ ហើយការបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត BYD នាពេលនេះ ស្របពេលដែល ឯកឧត្ដមប្រធានសធិបតីចិន អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការមកកាន់កម្ពុជា កាលពីថ្ងៃទី១៧-១៨ ខែមេសាកន្លងមកនេះ នាំមកនូវអ្នកវិនិយោគចិនមកកាន់កម្ពុជា ជាពិសេសមកកាន់ខេត្តព្រះសីហនុ។

Leave a Reply

Your email address will not be published. Required fields are marked *