ព័ត៌មានជាតិ

ឯកឧត្តម នេត សាវឿន៖ ចំនួនភ្ញៀវទេសចរអន្តរជាតិ សរុបក្នុងឆ្នាំ២០២៤ កើនឡើងលើសកម្រិត មុនវិបត្តិកូវីដ១៩ទៅទៀត

ឯកឧត្តម នេត សាវឿន៖ ចំនួនភ្ញៀវទេសចរអន្តរជាតិ សរុបក្នុងឆ្នាំ២០២៤ កើនឡើងលើសកម្រិត មុនវិបត្តិកូវីដ១៩ទៅទៀត
ចេញផ្សាយ ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៥
MoINFO APP

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានថ្លែងថា ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ សរុបក្នុងឆ្នាំ២០២៤ បានកើនឡើងដល់៦លាន៧សែននាក់ ដែលជាចំនួនលើសកម្រិត មុនវិបត្តិកូវីដ១៩ទៅទៀត ខណៈនៅឆ្នាំ២០១៩ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៦លាននាក់។

ការថ្លែងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ខាងលើនេះ ធ្វើឡើង ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខា សៀមរាប។

ក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ជាវិស័យជន្ទល់នៃកំណើនសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាល តែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងរយៈពេល២ទសវត្សចុងក្រោយ ដែលបានធ្វើឱ្យវិស័យទេសចរណ៍ មានការរីកចម្រើនយ៉ាងខ្លាំង លើកលែងតែក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ដែលវិស័យទេសចរណ៍ ទាំងកម្ពុជា និងនៅពិភពលោក ត្រូវបានរងផលប៉ះពាល់ស្ទើរទាំងស្រុង។

ផ្ទុយមកវិញបន្ទាប់ពីបានដាក់ចេញយន្តការ និងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យវិស័យទេសចរណ៍ ងើបមកវិញយ៉ាងឆាប់រហ័ស ពោលនាឆ្នាំ២០២៤នេះ កំណើនភ្ញៀវទេសចរអន្តរជាតិ បានកើនឡើងលើសពីអំឡុងពេលមុនជំងឺកូវីដ១៩ ទៅទៀត ។

ឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សម្រាប់បច្ចុប្បន្ន វិស័យទេសចរណ៍ បានងើបឡើងវិញ តាមរយៈការដាក់ចេញនូវវិធានការ និងគោលនយោបាយជាច្រើន បូករួមទាំងការដាក់ឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរជាដើម ។

ឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “ជាក់ស្តែង ចំនួនភ្ញៀវទេសចរអន្តរជាតិ សរុបក្នុងឆ្នាំ២០២៤ បានកើនឡើងដល់៦លាន៧សែននាក់ ដែលជាចំនួនលើសកម្រិត មុនវិបត្តិកូវីដ១៩ទៅទៀត ។ នេះបានសេចក្តីថា វិធានការដែលរាជរដ្ឋាភិបាល បានដាក់ចេញ បានចាប់ផ្តើមហុចផលបណ្តើរៗ” ។

Leave a Reply

Your email address will not be published. Required fields are marked *