បង្កើតភាពទាក់ទាញ៖រដ្ឋបាលស្រុកព្រះនេត្រព្រះ ដាក់តម្កល់រូបចម្លាក់ជានិមិត្តរូបស្រុក
ចេញផ្សាយ ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៤
រូបចម្លាក់ដែលធ្វើអំពីថ្មខ្សាច់ចំនួនពីរ ។ទីមួយជារូបសំណាកបុរសជាងចម្លាក់ដោយនៅក្នុងដៃមានកាន់ញញួរ និងពន្លាក និងរូបមួយទៀតជារូបតោដ៏មានអំណាច ត្រូវបានរដ្ឋបាលស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យលើកតម្កល់នៅសួនស្រះជប់ ខាងមុខសាលាស្រុក ជាប់ផ្លូវជាតិលេខ៦ នាភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ការតម្កល់រូបសំណាកនេះបន្ទាប់ពីទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃសម្រាប់ប្រើប្រាស់ជានិមិត្តរូបរបស់ស្រុកព្រះនេត្រព្រះ។
រូបនិមិត្តរូបស្រុកព្រះនេត្រព្រះនេះត្រូវណែនាំឱ្យឆ្លាក់ពីថ្មខ្សាច់ព៌ណក្រហម ដោយជាងចម្លាក់ឈ្មោះ ញ៉ែម កេននៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ។ទំហំរូបជាងនិងតោកម្ពស់១,៧ម៉ែត្រ,បល្ល័ង្កកម្ពស់០,៤ម៉ែត្រ,បណ្តោយ១,៤ម៉ែត្រ ,ទទឹង០,៨ម៉ែត្រ។
មិនមែនជារឿងចៃដន្យទេក្នុងការដាក់រូបសំណាកនេះ ពីព្រោះទីនេះមានប្រវត្តិជាយូរលង់ទាក់ទងនឹងរបរជាប្រពៃណីរបស់ប្រជាជនស្រុកព្រះនេត្រព្រះ ពិសេសប្រជាជននៅឃុំជប់វារី ដែលនៅជាប់នឹងភ្នំជញ្ជាំងនេះតែម្តង ។គឺរបរចម្លាក់ថ្ម ។ក្រសួងមហាផ្ទៃបានទទួលស្គាល់ជាផ្លូវការក្នុងការអនុញ្ញាតឱ្យប្រើប្រាស់រូបសំណាកជានិមិត្តរូបស្រុក។ស្រុកព្រះនេត្រព្រះមានសហគមន៍ជីករ៉ែ ថ្មនិងចម្លាក់ថ្មដ៏ធំបំផុតនិងតែមួយគត់ក្នុងខេត្តបន្ទាយមានជ័យ នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ដែលស្ថិតត្រង់ប្រជុំជនស្រុក។
ម្យ៉ាងទៀតប្រជុំជនស្រុកនេះ ក៏មានមរតកធម្មជាតិមានតែមួយគត់ក្នុងខេត្តដែរ គឺទឹកជប់ ជាទឹកហូរចេញពីក្នុងដីដែលបច្ចុប្បន្ន មានស្រះទឹកថ្លាយង់ដ៏ធំមួយនៅខាងមុខសាលាស្រុក។
តាមការបញ្ជាក់របស់លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ របរចម្លាក់ថ្ម ជាមរតកពីដូនតារាប់រយឆ្នាំមកហើយ។របរ ប្រពៃណីនេះបានងើបឡើងវិញនៅឆ្នាំ១៩៨៧ហើយផុលផុស និងដំណើរការខ្លាំងចាប់ពីឆ្នាំ២០០២មកខណៈវិស័យអចលន ទ្រព្យ វិស័យទេសចរណ៍ និងសេដ្ឋកិច្ច សង្គម មានសម្ទុះខ្លាំង។
នៅទីនេះមានសិប្បកម្មចម្លាក់ថ្មជារូប និងសិប្បកម្មកាត់ជាការ៉ូ និងឥដ្ឋជាង ២០កន្លែង។ ក្នុងនោះ ក៏មានចម្លាក់រូបអនុស្សារីយ៍ និងចម្លាក់ព្រះពុទ្ធបដិមា រូបចម្លាក់ផ្សេងៗមានតម្លៃខ្ពង់ម៉ឺនដុល្លារក៏មានដែរ។
លោក ឃូ ពៅ ធ្លាប់បានប្រាប់ថា អាជ្ញាធរនិងជំនាញបានបង្កលក្ខណៈងាយស្រួលលើកទឹកចិត្តនិងជំរុញឱ្យសហគមន៍ចម្លាក់ថ្មភ្នំជញ្ជាំងនេះបន្តថែរក្សាប្រវត្តិប្រពៃណី មរតក និងចលនាជា”ភូមិមួយ ផលិតផលមួយ” ។ផលិតផលចម្លាក់ថ្មភ្នំជញ្ជាំងនេះ បានជួយលើកមុខមាត់កេរ្តិ៍ឈ្មោះភូមិស្រុកភូមិផងដែរ។ដូចនេះមានថែក្សាប្រពៃណីនិងប្រភពចំណូលមិនរីងស្ងួតរបស់ពលរដ្ឋ តាមរយៈការទទួលផលដោយផ្ទាល់ និងដោយប្រយោល។
ក្នុងពេលលើករូបសំណាកតម្កល់ជាផ្លូវការកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ មានវត្តមានលោក ឃូ ពៅអភិបាលស្រុក,លោក កែវ ប៊ុនយឿន ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងមន្រ្តីនៃរដ្ឋបាលស្រុកជាច្រើនរូបចូលរួម។
លោក ឃូ ពៅ បានប្រាប់ឱ្យដឹងថា រដ្ឋបាលស្រុកបានចំណាយថវិកាលើការឆ្លាក់រូបនេះ ក្នុងនោះលោក ញ៉ែម កេន ជាងចម្លាក់ក៏ បានចូលរួមជួយផងដែរមានបង្កាន់ដៃថ្មលើខឿនបេតុង។លោកបន្តថា ការលើកមកតម្កល់លើខឿននាថ្ងៃនក្ខត្តឬក្សនេះគ្រាន់ជាបណ្តោះអាសន្នសិន ។ឯពិធីសម្ពោធផ្លូវការនឹងធ្វើនៅក្រោយបុណ្យភ្ជុំបិណ្ឌ ៕