ផ្ទះ ចំនួន ៤ ខ្នងនិងបង្គន់អនាម័យ ចំនួន ៤ ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ផ្តល់ជូនដល់គ្រួសារក្រីក្រ ៤ គ្រួសារ នៅក្នុងស្រុកពាមជរ និងស្រុកពារាំង
ព្រៃវែង៖ នៅថ្ងៃទី២៦-២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងប្រគល់ផ្ទះ ចំនួន ៤ ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យ ចំនួន ៤ បង្គន់ ក្នុងផែនការឆ្នាំ២០២៤ ជាអំណោយរបស់សាខាខេត្ត ជូនដល់គ្រួសារក្រីក្រ ២ គ្រួសារ នៅឃុំអង្គរអង្គ និងឃុំព្រែកក្របៅ ក្នុងស្រុកពាមជរ និង ២ គ្រួសារទៀតនៅស្ថិតនៅភូមិគរ ឃុំព្រៃស្រឡិត និងនៅភូមិព្រែកជ្រូក ឃុំកំពង់ប្រា ស្រុកពារាំង ខេត្តព្រៃវែង។
នាឱកាសនោះ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ បន្ថែមពីនេះ ឯកឧត្តម មានប្រសាសន៍ផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព និងត្រូវរស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ពិសេសការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។
ចំពោះសម្ភារៈគ្រឿងផ្ទះ និងបង្គន់អនាម័យ ដែលបានប្រគល់ជូន គឺជាថវិកាមូលនិធិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានទទួលមកពីសប្បុរជនគ្រប់មជ្ឈដ្ឋាន ក្នុងការចូលរួមចំណែកការងារមនុស្សធម៌ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូន ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត។
ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ សម្ភារៈផ្តល់ជូនបន្ថែម ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គ.ក វិទ្យុ ១គ្រឿង កន្ទេល ១ឃីត ១កញ្ចប់(មុង ភួយ សារុង ក្រមា) មី ១កេស ត្រី ខ ១យួរ បោយទឹក ១ ច្រាស់ដុសបង្គន់ ១ សាប៊ូ ១កញ្ចប់តូច និងថវិកាក្នុង ១គ្រួសារ ចំនួន ១០០,០០០រៀល។ ដោយឡែកគ្រួសាក្រីក្រចំនួន២ គ្រួសារនៅស្រុកពារាំង ទទូលបានថវិកាក្នុងមួយគ្រួសារចំនួន ២០ម៉ឺនរៀលផងដែរ។
សាខាខេត្ត ក៍បានឧបត្ថម្ភថវិកាមួយចំនួន ដល់លោកតា លោកយាយ ផងដែរ។
បញ្ជាក់៖ គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ សាខាខេត្ត បានប្រគល់ផ្ទះ សរុបចំនួន ២៣៤ខ្នងផ្ទះ និងបង្គន់អនាម័យ សរុបចំនួន ២០០បង្គន់៕