ឯកឧត្តម ហ៊ុន ម៉ានី៖ ខ្ញុំបានស្តាប់កិច្ចសម្ភាសន៍របស់គាត់ និងហួសចិត្តដែរថា តើបង មាស រិទ្ធី មានបំណងយ៉ាងណាសម្រាប់ខ្ញុំ តើគាត់មិនបានឮចម្លើយរបស់ខ្ញុំពេលយប់នោះ ឬចង់មានចេតនាប្រើពាក្យបែបនេះក្នុងបំណងទាញចំណាប់អារម្មណ៍ពីមហាជន
ចេញផ្សាយ ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៤
យោងតាមរយៈហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានបង្ហោះសារថា៖ ខ្ញុំមានការភ្ញាក់ផ្អើលចំពោះអ្វីដែល បងប្រុស មាស រិទ្ធី បានស្រង់ហើយផ្សព្វផ្សាយថា ខ្ញុំបានប្រើពាក្យថា “ខ្ជិល” ក្នុងការឆ្លើយតបទៅនឹងសំណួរ ដែលសួរមកខ្ញុំ ថាតើរៀបចំអង្គរសង្ក្រាន្តទេឆ្នាំនេះ។ ខ្ញុំបានស្តាប់កិច្ចសម្ភាសរបស់គាត់ និងហួសចិត្តដែរថា តើបង មាស រិទ្ធី មានបំណងយ៉ាងណាសម្រាប់ខ្ញុំ តើគាត់មិនបានឮចម្លើយរបស់ខ្ញុំពេលយប់នោះ ឬចង់មានចេតនាប្រើពាក្យបែបនេះក្នុងបំណងទាញចំណាប់អារម្មណ៍ពីមហាជន។
ខ្ញុំចង់យកឱកាសនេះបញ្ជាក់ថាបង មាស រិទ្ធី បានសួរខ្ញុំមែន “ថារៀបចំអង្គរសង្រ្កាន្តឆ្នាំនេះ” ហើយខ្ញុំក៏បានឆ្លើយតបថា “ទុកឱ្យរាជធានីខេត្តគេរៀបចំឆ្នាំនេះ”។ អ្វីដែលខ្ញុំហួសចិត្តពីករណីនេះគឺ៖
ទី១ ខ្ញុំគិតថាដោយសារការរាប់អានគ្នា គាត់សួរខ្ញុំប្រហែលជាការសួរនាំធម្មតាមិនមែនជាកិច្ចសម្ភាសដើម្បីយកចម្លើយទៅផ្សព្វផ្សាយជាសាធារណៈនោះទេ អ៊ីចឹងបានខ្ញុំឆ្លើយតបដូច្នេះទៅគាត់ (និយាយលេងក្នុងការរាប់អានគ្នា) នេះក៏ជាមេរៀនសម្រាប់ខ្ញុំទៅថ្ងៃក្រោយដែរ មិនគួរដោយសារការរាប់អាន ទៅជាការបង្កើតបញ្ហាមួយដូច្នេះទេ ប្រហែលត្រូវគិតគូរច្បាស់លាស់ជាមុន សម្រាប់មនុស្សដែលហៅថារាប់អានគ្នា។
ទី២ មិននឹកស្មានថាពាក្យ “ឱ្យរាជធានីខេត្តគេរៀបចំទៅជាពាក្យថា “ខ្ជិលរៀបចំ” វិញនោះទេ។
ណ្ហើយចុះ ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួនតូច ដែលបានដឹកនាំរៀបចំតាំងពីមិនមានការស្គាល់ “អង្គរសង្ក្រាន្ត” មកដល់មានការស្គាល់ អញ្ជឹងប្រហែលពាក្យថា “ខ្ជិល” រៀបចំអង្គរសង្ក្រាន្តមិនត្រូវនោះទេ បើខ្ជិលប្រហែលមិនបានរៀបចំខួប១០ឆ្នាំនៅអង្គរសង្រ្កាន្តនោះទេ។
ផ្សាយដោយ៖ ខៀវ យុទ្ធវង្ស