ឯកឧត្តម ងួន រតនៈ ដាក់នូវគោលការណ៍មួយចំនួនដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង/ស្រុក អនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
(កំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ ដាក់នូវគោលការណ៍មួយចំនួនដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានល្អប្រសើរ។
មានប្រសាសន៍ដាក់គោលការណ៍បែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែកុម្ភៈ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ឯកឧត្តម បានបន្ត ជំរុញដល់មន្ត្រីជំនាញ និងកងកម្លាំងទាំងបី ខិតខំដោះស្រាយបញ្ហាប្រឈមនៅតាមមូលដ្ឋាន និងឆ្លើយបំភ្លឺលាយលក្ខណ៍ជាលិខិតស្នាម នូវចម្ងល់ណាដែលមានការចោទសួរពីមតិមហាជន និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ធំឱ្យមានប្រសិទ្ធភាព ព្រមទាំងកំណត់មុខសញ្ញាជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។
លើសពីនេះឯកឧត្តម ងួន រតនៈ បន្តថា រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយមន្ត្រីជំនាញរបស់ស្នងការនគរបាលខេត្ត បានរៀបចំការធ្វើតេស្តសារធាតុញៀនចំពោះមន្ត្រីក្រោមឱវាទរបស់រដ្ឋបាលខេត្ត ព្រមទាំងតាមបណ្តាមន្ទីរ និងអង្គភាពពាក់ព័ន្ធដទៃទៀត ចំណុះឱ្យរដ្ឋបាលខេត្ត ស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាល មន្ត្រីរាជការ ត្រូវបន្តជាគម្រូស្អាតស្អំ ដល់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យអស់ពីកម្ពុជា តាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឱ្យក្រុមជំនាញទាំងអស់ ត្រូវតែចុះទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។