ព័ត៌មានជាតិ

បន្ទាប់ពីចំណាយពេលជាង៥ខែ ការជួសជុលពង្រឹងតួប៉មA នៃ​ប្រាសាទគោកពោធិ៍ គ្រោងនឹងបញ្ចប់នៅចុងខែនេះ

បន្ទាប់ពីចំណាយពេលជាង៥ខែ ការជួសជុលពង្រឹងតួប៉មA នៃ​ប្រាសាទគោកពោធិ៍ គ្រោងនឹងបញ្ចប់នៅចុងខែនេះ
ចេញផ្សាយ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៤
តួប៉ម A នៃប្រាសាទគោកពោធិ៍ បានធ្លាក់ចូលទៅក្នុងសភាពទ្រុឌទ្រោម ដោយសារអាយុកាល ។អស់រយៈពេលជាង៥ខែមកហើយ ចាប់ផ្តើម​តាំងពីខែមិថុនា ឆ្នាំ២០២៤​មក ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា​បាននិងកំពុងជួសជុលពង្រឹងប៉មឡើងវិញ ។រហូតមក​ដល់បច្ចុប្បន្ន​សម្រេចលទ្ធផលជិតរួចរាល់ហើយ។

បញ្ជាក់លើបណ្ដាញសង្គមផ្លូវការនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហួរ សុធន បុរាណវិទូ នាយកដ្ឋានអភិរក្ស​ប្រាសាទនៃ​អាជ្ញាធរ​ជាតិអប្សរា និងជាអ្នកទទួលខុសត្រូវនៅការដ្ឋានជួសជុលប្រាសាទ​គោកពោធិ៍ បានឱ្យដឹងថា បន្ទាប់ពីអ្នកជំនាញបាន​ជួស​ជុល​ពង្រឹង​ជញ្ជាំង ផ្នែកខាងត្បួង និងខាងលិច សម្រេចបាន៩៥ភាគរយហើយ បានធ្វើឱ្យរចនាសម្ពន្ធនៃតួប៉មA ដែលធ្លាប់​តែព្រួយ​បារម្ភពីហានិភ័យ​នៃកាដួលរលំ បានប្រែមកជារឹងមាំឡើងវិញ។ ក្នុងនោះ ចំពោះផ្នែក​ខឿន​ខាងក្រោម ក៏បានបន្ថែមឥដ្ឋខ្លះៗ ដើម្បីពង្រឹងឡើងវិញ​ទៅតាម​ផ្នែកនីមួយៗ។ ចំណែកការងារដែលនៅសេសសល់ គឺរៀបចំផ្គុំផ្នែក​ដំបូលឡើងវិញ និងសម្អាតរុក្ខជាតិ ដែលដុះចាក់ឬស្សីជ្រៅៗនៅ​តាមដំបូល ខណៈក្រុមការងារកំពុងពន្លឿនកិច្ចទាំងនេះ ដោយរំពឹងថា នឹងបញ្ចប់នាចុងខែវិច្ឆិកា​ខាង​មុខនេះ។

ក្រុមប្រាសាទគោកពោធិ៍ មានតួប៉មចំនួន៤ ត្រូវបានកំណត់ជាតួប៉មA B C និងD តែមិនស្ថិតនៅក្នុងខ្សែបន្ទាត់តែមួយឡើយ ព្រោះ​សាងសង់​ក្នុងសម័យកាលខុសគ្នា និងក្នុងរាជ្យនៃព្រះមហាក្សត្រផ្សេងៗគ្នា។អ្នកជំនាញដដែលបានបង្ហាញពីសភាពនៃប្រាសាទដ៏មាន​តម្លៃ​នេះ​ថា ដោយសារកត្តាអាយុកាល ធម្មជាតិ និងកង្វះការថែទាំយូរអង្វែង ជាពិសេសដើមឈើដុះចាក់ឬសយ៉ាងជ្រៅ ធ្វើឱ្យរចនាសម្ពន្ធប្រាសាទ​រងការបំផ្លាញ ហើយតួប្រាង្គចំនួន២ តួប្រាង្គC និងD បានរលំដួលទាំង​ស្រុង នៅតែប្រាង្គA សេសសល់​ជញ្ជាំងជុំវិញ និងB នៅសល់តែខឿន និងជញ្ជាំងផ្នែកខាងត្បូង។

ការជួសជុលពង្រឹងឡើងវិញ នូវរចនាសម្ពន្ធនៃប្រាសាទគោកពោធិ៍ មិនត្រឹមតែរក្សាឱ្យបាននូវតម្លៃនៃបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងសក្ការបូជា សម្រាប់ពលរដ្ឋរស់នៅជុំវិញនោះ និងជាទីកន្លែង ដែលទេសចរជាតិ និងអន្តរជាតិ តែចូលមក​ទស្សនា​មិនចេះដាច់ ដោយសារជាទីកន្លែងឆ្លងកាត់ទៅកាន់ប្រាសាទ​ដទៃទៀត។លោក ហួរ សុធន បញ្ជាក់។

គប្បីជម្រាបជូនថា ប្រាសាទគោកពោធិ៍ ជាក្រុមប្រាសាទមួយ មាន​ទីតាំងស្ថិតនៅខាងជើងបារាយណ៍ទឹកថ្លា ប្រមាណជា២គីឡូម៉ែត្រ ស្ថិតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ ក្រុមប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី៨ និងទី៩៕

Leave a Reply

Your email address will not be published. Required fields are marked *