បទវិចារណកថា៖ កម្មវត្ថុនៃកិច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពនៅកម្ពុជា ចំពេលពិភពលោក កំពុងព្រួយបារម្ភអំពីការរីករាលដាលនៃសង្រ្គាម
ចេញផ្សាយ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤
AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤–កម្មវត្ថុនៃកិច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ត្រូវបានកំណត់នៅពេលដែលពិភពលោកកំពុងតែព្រួយបារម្ភនឹងការវិវត្តនៃសង្រ្គាមថ្មីនៅតំបន់មជ្ឈឹមបូព៌ា ខណៈដែលអ៊ីរ៉ង់ និងអ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសគ្នាទៅវិញទៅមក កាលពីខែតុលាកន្លងទៅថ្មីៗនេះ។
នេះជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ហើយសង្ឃឹមថា លទ្ធផលនៃអង្គប្រជុំនឹងក្លាយជាកោសិកាមួយដែលអាចជួយរំលែកដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពនៅតំបន់មជ្ឈឹមបូព៌ា និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងគ្រប់កន្លែងដែលសង្រ្គាមកំពុងតែសម្លាប់មនុស្ស បង្កររបួស បន្សល់ទុកនូវគ្រោះមហន្តរាយ និងទុក្ខវេទនារកថ្លែងមិនចេញរបស់មនុស្សជាតិ។
សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ ជាឱកាសដ៏សំខាន់សម្រាប់កិច្ចពិភាក្សាស្តីពីការកសាងសន្តិភាព និងពហុភាគីនិយម។ ជាមួយនឹងជម្លោះនាពេលបច្ចុប្បន្នដែលធ្វើឱ្យមានអស្ថិរភាពពិភពលោក ចាប់ពីសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន រហូតដល់ការកើនឡើងនៃអំពើហិង្សានៅមជ្ឈិមបូព៌ា កិច្ចប្រជុំដែលកំណត់ការពិភាក្សាលើពីរប្រធានបទ ពោលគឺ “ ការជំរុញនិម្មាបនកម្មសកលដើម្បីសន្តិភាព ការកសាងសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន៖ សហថាមពលរបស់រដ្ឋាភិបាល សភា និងសង្គមស៊ីវិល” និង “ការពង្រឹងពហុភាគីនិយម កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសម្រាប់សហត្ថិភាព និងការតភ្ជាប់ប្រកបដោយបរិយាប័ន្ន” គឺពិតជាប្រធានបទដ៏សំខាន់ សម្រាប់ត្រួសត្រាយនូវមាគ៌ាសន្តិភាពគាំទ្រដល់អ្វីដែលមនុស្សជាតិចង់បាន។
ប្រទេសកម្ពុជាបានប្រែក្លាយពីប្រទេសដែលហែកហួរដោយសង្រ្គាម ទៅជាសង្គមសន្តិភាព ការអភិវឌ្ឍ ឈរជានិមិត្តរូបនៃភាពធន់ និងការបង្រួបបង្រួមជាតិ។ ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះអនុញ្ញាតឱ្យប្រទេសកម្ពុជាចែករំលែកដំណើររបស់ខ្លួន ដែលសម្គាល់ដោយថាមពលនៃសន្តិភាព ការអត់ឱន និងការសហការ ដែលបង្ហាញពិភពលោកថាសូម្បីតែការបែកបាក់គ្នាយ៉ាងជ្រៅក៏អាចផ្សះផ្សាបានជាមួយនឹងវិធីសាស្រ្តត្រឹមត្រូវ។ ដូច្នេះហើយសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ នាពេលខាងមុខនេះ អាចផ្តល់នូវចលករ បំផុសគំនិតសម្រាប់ការពិភាក្សាអំពីរបៀបដែលរដ្ឋាភិបាល សភា និងសង្គមស៊ីវិលអាចធ្វើការរួមគ្នាដើម្បីកសាងក្របខណ្ឌសន្តិភាពនៅលើពិភពលោក។ សម័យប្រជុំពេញអង្គទី១ ស្តីអំពី ” ការជំរុញនិម្មាបនកម្មសកលដើម្បីសន្តិភាព ការកសាងសន្តិភាព ការផ្សះផ្សា និង ភាពអត់ឱន៖ សហថាមពលរបស់រដ្ឋាភិបាល សភា និង សង្គមស៊ីវិល” នឹងបើកឱកាសឱ្យអ្នកដែលពាក់ព័ន្ធពិភាក្សា អំពីតម្រូវការបន្ទាន់សម្រាប់ការពង្រឹងយន្តការ ដែលជំរុញឱ្យមានស្ថិរភាព និងការយោគយល់គ្នាទៅវិញទៅមក។