ថ្ងៃ៧វិច្ឆិកា៖ ២១ ឆ្នាំហើយដែលរបាំព្រះរាជទ្រព្យចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
ចេញផ្សាយ ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤
MoINFO APP
ថ្ងៃនេះ! កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី «របាំព្រះរាជទ្រព្យ»របស់ខ្មែរត្រូវបានចុះក្នុង បញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។របាំក្បាច់ខ្មែរបុរាណឬរបាំព្រះរាជទ្រព្យនេះជាទម្រង់របាំសក្ការៈមាន ភាពល្បីល្បាញខាងកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និងមានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។
ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺជាខួបទី២១ឆ្នាំដែល «របាំព្រះរាជទ្រព្យ»ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។«របាំព្រះរាជទ្រព្យ» ជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ មិនអាចកាត់ថ្លៃបានរបស់កម្ពុជាតែមួយគត់ ដែលបានថែរក្សានាដកម្មបុរាណមួយនេះអស់រយៈពេលដ៏យូរលង់ណាស់មកហើយ ។ របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំដែលនាដករ ប្រើចលនាកាយវិកាក្បាច់និងមនោសញ្ចោតនាយ៉ាងប៉ិនប្រសប់ ទៅតាមការវិវឌ្ឍនៃសាច់រឿងដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀងនៃក្រុមចម្រៀងជាពួកនឹងត្រូវបានប្រគំដោយវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ។
សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកអង្គការយូណេស្កូនៅថ្ងៃទី៣ កក្កដា១៩៥១ខណៈអង្គការនេះបង្កើត នៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ១៩៤៥។អង្គការយូណេស្កូគឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិធ្វើការផ្តោតសំខាន់ទៅលើការអប់រំវិទ្យាសាស្ត្រ ។អង្គការនេះមានបេសកកម្មពិសេសក្នុងការរក្សានូវសន្តិភាព និងសន្តិសុខនៅក្នុងពិភពលោកដោយលើក កម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង។
ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីសម្បតិ្តបេតិកភណ្ឌរូបីចំនួន ៤,សម្បតិ្ត បេតិកភណ្ឌអរូបី ចំនួន ៦ និងបញ្ជីស្មារតីចងចាំនៃពិភពលោកចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ក៏ដូចជា មរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា។
១.បេតិកភណ្ឌរូបីនៃមនុស្សជាតិ៖ – តំបន់រមណីយដ្ឋានអង្គរ ចុះបញ្ជីនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក- ប្រាសាទព្រះវិហារ ចុះបញ្ជីនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា – តំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ- រមណីយដ្ឋានប្រាសាទកោះកេរ ចុះបញ្ជីនាថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។