វិថីតេជោសន្តិភាពឆ្នេរអង្កោល (ខេត្តកែប) ជួយសម្រួលដល់ការធ្វើចរាចរណ៍ដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រមាណជាង ៦ ០០០គ្រួសារ
ចេញផ្សាយ ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៤
MoINFO APP
នាព្រឹកថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់វិថីតេជោសន្តិភាពឆ្នេរអង្កោល (ខេត្តកែប) ដែលមានប្រវែងសរុប ១២ ៦៤៥ម៉ែត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ANTHONY GILL តំណាងធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧញ៉ា ភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន លោកគ្រូ អ្នកគ្រូ ប្អូនៗសិក្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះផងដែរ។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បាន អរគុណជូនដល់ ធនាគារអភិវឌ្ឍន៍អាស៊ី ដែលកន្លងមក និងបច្ចុប្បន្ន តែងតែបានគិតគូរ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ឥណទានសម្បទាន ជំនួយឥតសំណង និងជំនួយបច្ចេកទេសជាបន្តបន្ទាប់ ព្រមទាំងការគាំទ្រនានាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ និងរីកចម្រើនបន្ថែមទៀត ជាពិសេសបានជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ការសាងសង់ប្រព័ន្ធលូចម្រោះសម្អាតទឹកកខ្វក់និងស្ថានីយបូមទឹក ការសាងសង់ ប្រព័ន្ធលូរំដោះទឹកភ្លៀង ការសាងសង់ទីតាំងកែច្នៃសំរាម និងការសាងសង់ទីលានទុកដាក់សំរាម នៅតាមទីប្រជុំជននិងក្រុងក្នុងបណ្ដាខេត្តសំខាន់ៗ រួមទាំងការរៀបចំផែនការមេ ការកសាងសមត្ថភាព និងការសិក្សាគម្រោងជាច្រើនទៀតផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើង ពីសារប្រយោជន៍នៃវិថីនេះដែលបាន និងកំពុងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប្រមាណជាង ៦ ០០០គ្រួសារ ក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូន និងការធ្វើដំណើរផ្សេងៗបានឆាប់រហ័ស និងមានសុវត្ថិភាព ជាពិសេសជួយទាក់ទាញសក្តានុពលទេសចរណ៍ និងជំរុញការអភិវឌ្ឍផ្សេងៗនៅតាមតំបន់ឆ្នេរមាត់សមុទ្រទាំងមូលឱ្យកាន់តែរីកចម្រើន និងល្អប្រសើរឡើងបន្ថែមទៀត។ វិថីនេះក៏បាននិងកំពុងដើរតួនាទីជាខ្សែផ្លូវលើកសម្រស់ទេសចរណ៍ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងមានរបៀបរៀបរយ តាមរយៈការបង្កើតឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិនានា។ បន្ថែមពីនេះ វិថីនេះ ក៏ជាខ្សែផ្លូវតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍និងនេសាទនៅក្នុងឃុំអង្កោល និងលាតសន្ធឹងឆ្លងកាត់តំបន់កសិកម្ម តំបន់ស្រែអំបិល តំបន់ព្រៃកោងកាង និងតភ្ជាប់ជាមួយផ្លូវខេត្តលេខ១៣៣២ ក្នុងទិសដៅទៅមក រវាងស្រុកដំណាក់ចង្អើរ និងច្រកលក ខេត្តកំពត(ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្សែផ្លូវមួយចំនួននៅក្នុងភូមិសាស្រ្តខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន និងតំបន់ផ្សេងៗទៀតនៅក្នុងខេត្តកែប។