ពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្រេ្វស មីល ឯ.ក ។
គិរីសួគ៌ គឺជាកសិដ្ឋានខ្នាតធំថ្នាក់ជាតិដំបូងគេនៅកម្ពុជា ដែលមានសង្វាក់ផលិតកម្មទំនើប មានសមត្ថភាព ផលិតទឹកដោះគោសុទ្ធស្រស់ ប្រកបដោយគុណភាពខ្ពស់ និងសារធាតុចិញ្ចឹមច្រើន ដើម្បីជាជំនួយផ្នែកអាហារូបត្ថម្ភ ដល់អ្នកប្រើប្រាស់ ។ កសិដ្ឋានបានទទួលពានរង្វាន់ឧស្សាហកម្មបៃតងថ្នាក់មាសចំនួន ២ឆ្នាំជាប់គ្នា ។ ក្នុងនោះដែរ នៅខែតុលា ឆ្នាំ២០២១ កសិដ្ឋានគីរីសួគ៌ទទួលបានវិញ្ញាបនបត្រពីអង្គការGHPs/HACCP ដែលជាការទទួលស្គាល់សង្វាក់ ផលិតកម្មទំនើប និងមានសុវត្ថិភាពខ្ពស់ផលិតទឹកដោះគោសុទ្ធ យ៉ាអ៊ួ និងបឺរ ដោយមានផ្នែកចិញ្ចឹមគោ និងផ្នែក ផលិតចំណីគោ នៅក្នុងផ្ទៃដីកសិដ្ឋានតែមួយ ។ នៅឆ្នាំ២០២២ ក្រុមហ៊ុនបានទទួលវិញ្ញាបនបត្របញ្ជាក់បច្ចេកទេស ស្ដង់ដារផលិតផលហាឡាលកម្ពុជា ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលឆ្លុះបញ្ចាំងពីសង្វាក់ផលិតកម្មមានបទដ្ឋានត្រឹមត្រូវ ។
វិស័យឯកជនគឺជាដៃគូមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ដែលរួមចំណែកដល់ការរីកលូតលាស់សេដ្ឋកិច្ចជាតិ ។ ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំបន្តជួយ សម្របសម្រួល និងផ្ដល់ការគាំទ្រចាំបាច់ដល់ក្រុមហ៊ុន ខ្មែរ ហ្វេសមីល និងក្រុមហ៊ុនដទៃទៀតដែលកំពុងបោះទុន វិនិយោគក្នុងវិស័យកសិកម្ម ដើម្បីជួយពង្រឹងស្ដង់ដារគុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែង ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលសូមស្វាគមន៍ និងលើកទឹកចិត្តឱ្យមានការវិនិយោគឯកជនកាន់តែច្រើនថែមទៀត នៅក្នុងគ្រប់អនុវិស័យរបស់ វិស័យកសិកម្ម ដែលនឹងជួយបង្កើតការងារ លើកកម្ពស់ប្រាក់ចំណូលប្រជាជន កាត់បន្ថយភាពក្រីក្រ កាត់បន្ថយការនាំចូល និងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ ។
ខេត្តតាកែវ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ មេសា ២០២៤