ត្រីមាសទី៣ឆ្នាំនេះ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញកើនឡើងជាង២៦ភាគរយ
ចេញផ្សាយ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៤
យោងតាមកំណត់ត្រាទិន្នន័យកំពង់ផែស្វយ័តភ្នំពេញបានឱ្យដឹងថា បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ មានចំនួន ១៦១ ៣៧៣ TEUs កើនចំនួន ២៦,១៣% ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣។ដោយឡែក គិតតែអំឡុងខែកញ្ញា ឆ្នាំ២០២៤ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានចំនួន ៥២ ២៨៣ TEUs កើនចំនួន ៤៥,១១% ធៀបនឹងខែកញ្ញា ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា នៅខែកញ្ញា ឆ្នាំ២០២៤ បរិមាណនាវាដឹកអ្នកដំណើរមានចំនួន ៦៥ ជើង កើន ២០,៣៧% ធៀបនឹងខែកញ្ញា ឆ្នាំ២០២៣ និងអ្នកដំណើរសរុបចំនួន ២ ៤៣៥ នាក់ កើន ១១,០៩% ធៀបនឹងខែកញ្ញា ឆ្នាំ២០២៣។
សម្រាប់ត្រីមាសទី៣ ឆ្នាំនេះដែរ បរិមាណនាវាដឹកអ្នកដំណើរ មានចំនួន ១៣៥ ជើង កើន ២៩,៨១% ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣ និងអ្នកដំណើរសរុបចំនួន ៥ ៦៣៦ នាក់កើន ៤៩,៧៣% ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣។
សូមជម្រាបថា រយៈពេល៧ខែ ឆ្នាំ២០២៤កន្លងទៅបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន ២៥៩ ៨៧៩ TEUs កើនឡើងជាង១៤,៩៤% ធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣។សម្រាប់ខែកក្កដា ឆ្នាំ២០២៤ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន៥៥ ២៦៥ TEUs កើនឡើង១២,៧៦% បើធៀបនឹងខែកក្កដាឆ្នាំ២០២៣ ដែលមានចំនួន៤៩ ០១១ TEUs៕