ព័ត៌មានជាតិ

កម្ពុជា លើកទឹកចិត្តឱ្យពន្លឿនកិច្ចព្រមព្រៀង ស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-សាធារណរដ្ឋកូរ៉េ

កម្ពុជា លើកទឹកចិត្តឱ្យពន្លឿនកិច្ចព្រមព្រៀង ស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-សាធារណរដ្ឋកូរ៉េ
ចេញផ្សាយ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៤
AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤–

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យអាស៊ាន និងសាធារណរដ្ឋកូរ៉េ ពន្លឿនការសម្រេចឲ្យបាន នូវកិច្ចព្រមព្រៀងស្តីពី សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស អាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលនឹងជំរុញការផ្លាស់ប្តូរទេសចរណ៍ ។

យោងតាមលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៥ របស់ក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី១០ តុលា បានឱ្យដឹងថា “នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ​ លើកទី២៥ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ លើកទី៣៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ សម្តេចធិបតី បានគូសបញ្ជាក់ អំពីការអនុម័តសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ អាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលជាបង្គោលចរដ៏សំខាន់មួយទៀត ក្នុងដំណើររួមគ្នាអស់រយៈពេល ជាង៣ទសវត្សរ៍មកនេះ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព”។

ក្រសួងការបរទេសបញ្ជាក់បន្ថែមថា “ចំពោះវិស័យសេដ្ឋកិច្ច សម្តេចធិបតី បានសង្កត់ធ្ងន់ថា ជាលទ្ធផលនៃការប្រើប្រាស់បានពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋកូរ៉េ និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ពាណិជ្ជកម្មរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ កាន់តែរីកចម្រើនឡើង។ នៅក្នុងន័យនេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការដំឡើងកម្រិតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី អាស៊ាន-សាធារណរដ្ឋកូរ៉េ នឹងធានាថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងនៅតែមានសារសំខាន់ មានការឆ្លើយតបទំនើប និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ”។

យោងតាមលទ្ធផលដដែលនេះ ក្រសួងការបរទេស បញ្ជាក់ថា “សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា សាធារណរដ្ឋកូរ៉េដើរតួនាទីយ៉ាងសំខាន់ក្នុងការ លើកកម្ពស់នវានុវត្តន៍ឌីជីថលនៅក្នុងតំបន់ រួមមានតាមរយៈការគាំទ្រ ការសម្រេចឱ្យបាននូវកិច្ចព្រម ព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន។ ចំពោះការលើកកម្ពស់ការតភ្ជាប់តំបន់ សម្តេចធិបតី បានលើកទឹកចិត្តឱ្យអាស៊ាន និងសាធារណរដ្ឋកូរ៉េពន្លឿនការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងស្តីពី សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលនឹងជំរុញការផ្លាស់ប្តូរទេសចរណ៍”។

Leave a Reply

Your email address will not be published. Required fields are marked *