ក្រុមជំនាញបញ្ចប់ការងារជួសជុលពង្រឹងខឿនជណ្តើរ និងបង្កាន់ដៃនាគផ្នែកខាងលិចនៃជណ្តើរកណ្តាល ខាងត្បូងប្រាសាទអង្គរវត្ត
ចេញផ្សាយ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២៤
MoINFO APP
អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហាញលទ្ធផលការងារនៅក្នុងខែសីហានេះថា ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានបញ្ចប់ការងារជួសជុលការពង្រឹងខឿនជណ្ដើរនិងបង្កាន់ដៃនាគផ្នែកខាងលិចនៃជណ្ដើរកណ្ដាលខាងត្បូងនៃប្រាសាទអង្គរវត្ត បន្ទាប់ពីចាប់ផ្តើមជួសជុលពីខែឧសភាមក។
បុរាណវិទូ លោក សយ សុភារិន្ទ បានរំឭកថា ចំពោះទីតាំងនេះមុនពេលជួសជុល គឺខឿនជណ្ដើរនាគស្រុត ថ្មហែកញែកចេញពីគ្នា ធ្វើឱ្យនាគមានជំហមិននឹងជាដើម។ ដំណាក់កាលដំបូង ក្រុមការងារអាជ្ញាធរជាតិអប្សរា បានជួសជុលពង្រឹងខឿនឡើងវិញ ។បន្ទាប់មកបានជួសជុលនាគ ឱ្យមានជំហ និងលំនឹងដូចដើមវិញ។
ការងារខាងលើនេះបានចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា និងបញ្ចប់ទាំងស្រុងនៅថ្ងៃទី១៥ ខែសីហា គឺប្រើពេលបីខែ។ បុរាណវិទូរូបនេះរំពឹងថា ទីតាំងនេះនឹងមានភាពរឹងមាំ និងសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរតទៅអនាគត ដោយមិនបារម្ភពីហានិភ័យនៃការដួលរលំចម្លាក់នាគបន្តទៀតទេ ព្រោះការជួសជុលអ្នកជំនាញបាន ប្រើបច្ចេកទេសត្រឹមត្រូវ បិទពង្រឹងដងខ្លួននាគ ក៏ដូចជាជើងទម្រឱ្យរឹងមាំដូចសភាពដើមវិញហើយ។
ប្រភពដដែលបន្តថា ក្រៅពីទីតាំងខាងលើនេះ អាជ្ញាធរជាតិអប្សរា កំពុងសិក្សានៅតាមចំណុចផ្សេងៗទៀតដើម្បីលើកគម្រោង ជួសជុលទៅអនាគត សំដៅធ្វើយ៉ាងណាអភិរក្ស ជួសជុលបុរាណវត្ថុនានាឱ្យល្អប្រសើរឡើងវិញ៕