ព័ត៌មានសន្តិសុខសង្គម

កូរ៉េខាងត្បូង ថាការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង គឺជាការបំផ្លាញសន្តិភាព

កូរ៉េខាងត្បូង ថាការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង គឺជាការបំផ្លាញសន្តិភាព

ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង គឺជាអ្វីដែលបំផ្លាញសន្តិភាព និងសន្តិសុខនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីអ្នកការទូតកំពូលរបស់រុស្ស៊ីបាននិយាយបរិហារលើសមយុទ្ធយោធារួមគ្នារបស់ទីក្រុងសេអ៊ូលជាមួយសហរដ្ឋអាមេរិក និងជប៉ុនថា ជាប្រភពធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់។

យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃអង្គការសហប្រតិបត្តិការសៀងហៃ កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុង «ធ្វើឱ្យស្ថានការណ៍សន្តិសុខកាន់តែធ្ងន់ធ្ងរឡើងនៅអាស៊ីប៉ាស៊ីហ្វិក ជាមួយនឹង «សកម្មភាពនៃការបង្កហេតុ» របស់ពួកគេ ដោយសំដៅលើសមយុទ្ធយោធារួមគ្នាជាមួយប្រទេសកូរ៉េខាងត្បូង និងជប៉ុន។

លោក ឡាវរ៉ូវ បាននិយាយថា នាពេលថ្មីៗនេះ ប្រទេសកូរ៉េខាងជើងបានសម្តែងការព្រួយបារម្ភរបស់ខ្លួនចំពោះសមយុទ្ធរួមគ្នា ដោយលោកបានបន្ថែមថា ស្ថានភាពកាន់តែអាក្រក់ទៅៗដល់ចំណុចនៃ «ដំណាក់កាលក្តៅ»។ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសកូរ៉េខាងត្បូងបានបដិសេធចំពោះការអះអាងរបស់លោក ឡាវរ៉ូវ។

អ្នកនាំពាក្យក្រសួង លោក លីម ស៊ូស៊ុក (Lim Soo-suk) បាននិយាយនៅក្នុងសន្និសីទខ្លីមួយថា «ការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលខុសច្បាប់របស់ប្រទេសកូរ៉េខាងជើង និងការញុះញង់ក្នុងការរំលោភលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ គឺជាអ្វីដែលគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់» ។

លោក លីម បាននិយាយថា «សមយុទ្ធរួមគ្នាជាមួយសហរដ្ឋអាមេរិក និងសមយុទ្ធត្រីភាគី ក្នុងចំណោមប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន គឺជាសកម្មភាពដើម្បីការពារប្រជាពលរដ្ឋរបស់យើងពីការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង»៕ ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់) ផ្សាយដោយ៖ កន ចំណាន

Leave a Reply

Your email address will not be published. Required fields are marked *