ទំនាក់ទំនង ទូរសព្ទ័លេខ ០៧៨ ៣២០ ៣០០ || ភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង
ព័ត៌មានជាតិ

គោលដៅអេកូទេសចរណ៍ លើផ្ទៃទឹកបឹងទន្លេសាប នៅតែមានកំណើនភ្ញៀវទេសចរ

  1. គោលដៅអេកូទេសចរណ៍ លើផ្ទៃទឹកបឹងទន្លេសាប នៅតែមានកំណើនភ្ញៀវទេសចរ
ចេញផ្សាយ ថ្ងៃទី 

AKP បាត់ដំបង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤–

គោលដៅអេកូទេសចរណ៍ តាមព្រៃរនាម និងផ្ទៃបឹងទន្លេសាប គឺជាតំបន់គោលដៅមួយសម្រាប់បម្រើដល់ភ្ញៀវទេសចរទាំងជាតិ និងភ្ញៀវទេសចរបរទេសទស្សនាកម្សាន្តលើផ្ទៃទឹក និងពពួកសត្វស្លាបកម្រ ដែលមានទីតាំងព្រំទឹកជាប់ក្រុងសៀមរាប ជាមួយស្រុកឯកភ្នំ នៃខេត្តបាត់ដំបង ក្នុងភូមិសាស្ត្រភូមិព្រែកទាល់ នៃស្រុកឯកភ្នំនៅតែជាទីទាក់ទាញភ្ញៀវទេសចរ ដ៏មានសក្តានុពល ។

បើតាមប្រជាពលរដ្ឋរស់នៅទីនោះ បានរៀបរាប់ឱ្យដឹងថា តំបន់អេកូទេសចរណ៍ នៅក្នុងដែនទឹក ក្នុងភូមិព្រែកទាល់នេះ មានកត្តា៣សំខាន់ សម្រាប់បម្រើដល់ភ្ញៀវទេសចរមកទស្សនាកម្សាន្ត ក្នុងនោះមាន៖ ទស្សនាហ្វូងសត្វស្លាបចម្រុះ, ទស្សនាផ្ទះបណ្តែតទឹកអ្នកភូមិ, និងទស្សនាកន្លែងលក់សម្ភារអនុស្សាវរីយ៍ផ្សេងៗ ។

លោក ហួន សុខ ជាអ្នកដឹកភ្ញៀវតាមទូកម៉ាស៊ីន ពីក្រុងសៀមរាប មកភូមិព្រែកទាល់ បានឱ្យដឹងថា ក្នុងរយ:ពេល៤ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីកន្លងទៅ លោកបានសង្កេតឃើញថា នៅតំបន់អេកូទេសចរ ណ៍ព្រែកទាល់ ពុំសូវមានភ្ញៀវមកពីក្រុងបាត់ដំបងទេ ពីព្រោះពិបាកធ្វើដំណើរ គឺភាគច្រើនភ្ញៀវមកកំពង់ផែភ្នំក្រោម ក្រុងសៀមរាប ។ លោកបន្តថា តម្លៃទូកក្នុង១គ្រឿងជួលក្នុងតម្លៃ៥០ដុល្លារអាម៉េរិកសម្រាប់ទូកធំ ដែលអាចជិះបានជាង ១០នាក់ ។ រីឯទូកតូចមានតម្លៃ ៣០ដុល្លារអាម៉េរិក ជិះបានចន្លោះពី៨-៩នាក់ ។ ដោយធ្វើដំណើរចំណាយពេលប្រហែល១ម៉ោងប៉ុណ្ណោះពីកំពង់ផែភ្នំក្រោម ក្រុងសៀមរាប បើធៀបពីក្រុងបាត់ដំបង មកតំបន់ព្រែកទាល់ដូចគ្នា ត្រូវចំណាយពេលចន្លោះពី៥-៦ម៉ោងទើបដល់ ។

លោកបន្តថា ក្នុងរយ:ពេល៤ថ្ងៃ នៃបុណ្យចូលឆ្នាំខ្មែរ លោកសង្កេតឃើញថា មិនសូវមានភ្ញៀវជាតិ ឬអន្តរជាតិ បានទិញវត្ថុអនុស្សាវរីយ៍ ដែលធ្វើដោយស្នាដៃខ្មែរនៅតំបន់នោះទេ ហាក់ម្នាក់ៗពុំសូវមានថវិកាក្នុងការចំណាយ ដែលធ្វើឱ្យអ្នកដែលបានធ្វើរបស់របរនោះ ប្រឈមនឹងជីវភាព ក្នុងនោះមាន កន្ត្រក, កាបូប, និងរបស់ប្រើប្រាស់ផ្សេងៗទៀត ដែលពួកគាត់ផលិតចេញពីដើមកំប្លោក ។

បើតាមអ្នករត់ទូករូបនេះ “ ឆ្នាំនេះអត់ដូចឆ្នាំមុន តាមខ្ញុំសង្កេត ភ្ញៀវអត់បានជួយទិញវត្ថុអនុស្សាវរីយ៍ផង ខ្ញុំហាក់មានចិត្តអាណិតដល់ក្រុមស្ត្រីនៅតំបន់នេះ ដែលពួកគាត់ខំយកដើមកំប្លោកមកច្នៃបានជារបស់របរយ៉ាងស្រស់ស្អាត តែអត់មានអ្នកជួយទិញ ធ្វើឱ្យពួកគាត់ប្រឈមនឹងជីវភាព ” ។

លោក តុន ណៃ ប្រធានអេកូទេសចរណ៍ បានបង្ហាញរបាយការណ៍ អំពីចំនួនភ្ញៀវដែលធ្វើដំណើរទៅទស្សនានៅតំបន់នោះក្នុង រយ:ពេល៤ថ្ងៃ ដោយក្នុងនោះលោកបញ្ជាក់ថា ថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា មានចំនួនភ្ញៀវសរុប ៩០នាក់ ទាំងភ្ញៀវក្នុង និងក្រៅស្រុក ។ ថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា មានភ្ញៀវសរុបចំនួន ១២៥នាក់ ទាំងជាតិ និងអន្តរជាតិ ។ ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា មានភ្ញៀវជាតិ អន្តរជាតិ សរុប ២៣៣នាក់ និងថ្ងៃទី៤ ត្រូវនឹងថ្ងៃទី១៦ ខែមេសា មានភ្ញៀវសរុប១០៩នាក់ សរុបចំនួនភ្ញៀវទាំងក្នុង និងក្រៅស្រុក ទាំង៤ថ្ងៃមានចំនួន ៥៧២នាក់ ។

ជាមួយគ្នានេះ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងរយ:ពេល៤ថ្ងៃ នៅតំបន់គោលដៅអេកូទេសចរណ៍ ព្រែកទាល់ មិនសូវមានភ្ញៀវពីក្រុងបាត់ដំបងទៅកម្សាន្តនៅតំបន់នោះទេ ដោយសារតែពួកគាត់ធ្វើដំណើរយូរម៉ោង ហើយម្យ៉ាងពួកគាត់កំពុងតែសប្បាយនៅក្នុងក្រុង ដែលមានការរៀបចំថ្មីៗផង ។ លោកបន្តថា ឆ្នាំនេះ និងឆ្នាំកន្លងទៅចំនួនភ្ញៀវដែលទៅកម្សាន្តនៅតំបន់បឹងទន្លេសាប វាប្រហាក់ប្រហែលគ្នា តែការកើនឡើងមានភាគរយតិចតួចប៉ុណ្ណោះ ៕ដោយងិន សុផល, ផ្សាយដោយ៖ កន ចំណាន

Leave a Reply

Your email address will not be published. Required fields are marked *