មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ផ្តល់កញ្ចប់សម្ភារប្រើប្រាស់សម្រាប់ស្ត្រី និងក្មេងស្រីរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិផ្សេងទៀត១ ០០០កញ្ចប់ដល់កម្ពុជា
ចេញផ្សាយ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៤
មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA,យូអិនអេហ្វភីអេ)ដែលជាទីភ្នាក់ងារអង្គការសហប្រជាជាតិផ្នែកសុខភាពផ្លូវ ភេទនិងសុខភាពបន្តពូជ បានធ្វើលទ្ធកម្មសម្ភារប្រើប្រាស់ចាំបាច់ចំនួន ១ ០០០ កញ្ចប់ ត្រៀមសម្រាប់ផ្តល់ជូនប្រជាជន ដែលរងគ្រោះដោយសារទឹកជំនន់ ព្យុះទីហ្វុង គ្រោះរាំងស្ងួត ឬគ្រោះមហន្តរាយធម្មជាតិដទៃទៀត ក៏ដូចជាជនរងគ្រោះដោយសារអំពើ ហិង្សាទាក់ទងនឹងយេនឌ័រផងដែរ។
តាមរយៈសារអេឡិចត្រូនិករបស់យូអិនអេហ្វភីអេ នៅថ្ងៃអង្គារទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបានឱ្យដឹងថា នេះការឆ្លើយតបទៅនឹងការព្យាករនៃហានិភ័យទឹកជំនន់ និង សក្តានុពលនៃគ្រោះមហន្តរាយធម្មជាតិផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។គំនិតផ្តួចផ្តើមនេះ កើតឡើងក្រោយមានការប៉ាន់ប្រមាណរួមគ្នាដែលធ្វើឡើងដោយ វេទិកាឆ្លើយតបទៅនឹងកិច្ចការមនុស្សធម៌ (Humanitarian Response Forum) ក្រសួងធនធានទឹកនិងឧតុនិយម និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ដែលព្យាករថាទឹកភ្លៀងលើសពីកម្រិតមធ្យម និងហានិភ័យទឹកជំនន់កើនឡើងពីខែកញ្ញាដល់ខែវិច្ឆិកា ឆ្នាំ២០២៤។ ការប៉ាន់ប្រមាណនេះក៏បានទទួលស្គាល់នូវសក្តានុពលសម្រាប់គ្រោះមហន្តរាយធម្មជាតិផ្សេងទៀតដែលអាចនឹងកើតឡើងក្នុងរយៈពេលនេះ ដែលនឹង បង្កើនភាពងាយរងគ្រោះចំពោះស្ត្រីនិងក្មេងស្រីផងដែរ។
ទាក់ទងនឹងជំនួយនេះ លោកស្រី សានដ្រា បឺនភ្ញៀវ តំណាងប្រចាំប្រទេសនៃ UNFPA កម្ពុជា បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា “អំឡុងគ្រាអាសន្ន ស្ត្រីនិងក្មេងស្រី មាន ហានិភ័យខ្ពស់ដោយសារអំពើហិង្សានិងការរំលោភបំពាន ស្របពេលជាមួយគ្នានេះ ពួកគេមានការលំបាកខ្លាំងក្នុងការទទួលបានសេវាសំខាន់ៗ” ។ “កញ្ចប់សម្ភារប្រើប្រាស់ចាំបាច់ ជួយស្ត្រីនិងក្មេងស្រីនៅពេលដែលពួកគេស្ថិតក្នុងស្ថានភាពងាយរងគ្រោះបំផុត ។កញ្ចប់ នេះមានសម្ភារផ្គត់ផ្គង់ចាំបាច់ដែលអាចជួយពួកគេក្នុងពេលដ៏លំបាកនេះ។”
លោកស្រីបន្ថែមថា វិធានការត្រៀមរៀបចំនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ UNFPA ឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងសុខភាពផ្លូវភេទនិង សុខភាពបន្តពូជនិងសិទ្ធិក្នុងប្រទេសកម្ពុជា ដែលរួមបញ្ចូលទាំង កន្លែងផ្តល់សេវាចម្រុះដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹង យេនឌ័រ (OSSU) ក្នុងខេត្តចំនួនបួន។