ទំនាក់ទំនង ទូរសព្ទ័លេខ ០៧៨ ៣២០ ៣០០ || ភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង
ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយចំពោះភាពរីកចម្រើនរបស់សាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ ជាពិសេសគុណភាព នៃការបណ្ដុះបណ្ដាល

ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយចំពោះភាពរីកចម្រើនរបស់សាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ ជាពិសេសគុណភាព នៃការបណ្ដុះបណ្ដាល

(ភ្នំពេញ)៖ ថ្លែងនាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ ដែលបានរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ មនសិការវិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ និងចេះរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ។

លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានបង្ហាញក្ដីរីករាយចំពោះវឌ្ឍនភាពយ៉ាងលឿនរហ័ស និងប្រកបដោយគុណភាព ដែលសាកលវិទ្យាល័យជាតិមួយនេះសម្រេចបាន ជាក់ស្ដែងសាកលវិទ្យាល័យមាននិស្សិតទទួលបានជោគជ័យលើការសិក្សាចំនួន ១.៦៩៣នាក់បន្ថែមទៀត ចាប់ពីថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ លោកបានចាត់ទុកភាពជោគជ័យនេះថា ជាអ្វីដែលរាជរដ្ឋាភិបាលប្រាថ្នាចង់ឃើញ ទាំងរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត។

លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើទៅកាន់និស្សិតជ័យលាភីទាំងអស់ថា «ចាប់ពីពេលនេះតទៅ ប្អូនៗនឹងក្លាយជាអ្នកជំនាញ ដែលនឹងត្រូវចូលរួមបំពេញការងារជាក់ស្តែង ក្នុងសង្គម តាមគ្រប់រូបភាព។ រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ប្អូនៗនឹងយកចំណេះដឹងទទួលបាននៅទីនេះ ទៅអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការជាក់ស្តែងតាមវិស័យនីមួយៗ ដូចជាការងារក្នុងស្ថាប័នរដ្ឋ, ការងារក្នុងវិស័យឯកជន អង្គការជាតិ និងអន្តរជាតិនានា ឬក៏ការបើកប្រកបអាជីវកម្មដោយខ្លួនឯង»

សូមបញ្ជក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តនយោបាយកាត់បន្ថយគម្លាតនៃការអប់រំ និងចំណេះដឹងរវាងជនបទ និងទីក្រុង។ ក្នុងន័យនេះបន្ថែមលើសាកលវិទ្យាល័យសម្តេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តួចផ្តើមគំនិតបង្កើតមជ្ឈមណ្ឌលជាតិអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ដើម្បីផ្តល់ឱកាសនិងសេវាកម្មអប់រំបណ្តុះបណ្តាល ប្រកបដោយគុណភាព បំពេញតម្រូវការធនធានមនុស្សនៅមូលដ្ឋាន និងប្រទេសជាតិ។ មជ្ឈមណ្ឌលនេះនឹងទទួលសិស្សានុសិស្ស ចូលរៀនថ្នាក់ចំណេះទូទៅ ចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូត ដល់វិទ្យាល័យ ហើយបន្តនៅសាកលវិទ្យាល័យតែម្ដង៕

Leave a Reply

Your email address will not be published. Required fields are marked *