ព័ត៌មានជាតិ

ទីផ្សារជួលការិយាល័យមានទំហំកើនឡើងនៅក្នុងឆ្នាំនេះ

ទីផ្សារជួលការិយាល័យមានទំហំកើនឡើងនៅក្នុងឆ្នាំនេះ
ចេញផ្សាយ ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៤
ភ្នំពេញ ៖ ​សហគ្រិន ​ឬម្ចាស់​ក្រុមហ៊ុន​ជាច្រើន​បាន​ផ្លាស់​ប្តូរពីការ​ជួលផ្ទះល្វែង ផ្ទះវីឡា​ រាប់ទាំងសណ្ឋាគារមួយចំនួនផងនោះ ទៅជា​ការជួល​អគារ​ការិយាល័យស្តង់ដារ​ជំនួស​វិញ ដែលជាហេតុធ្វើឱ្យកំណើននៃ​តម្រូវការ​ និងការ​ផ្គត់ផ្គង់ការិយាល័យ​ (Office Space) ក្នុង​រាជធានីភ្នំពេញ បានកើន​ឡើងជា​បន្តបន្ទាប់​​ក្រោយ​វិបត្តិកូវីដ​១៩។ក្នុងឆ្នាំ២០២៤​នេះ ​​ការផ្គត់ផ្គង់​ការិ​យាល័​យ​​​ជួលនៅ​ក្នុង​រាជធានីភ្នំពេញ រំពឹងថា​នឹង​មានកំណើនប្រមាណ​ជិត​២០​ម៉ឺ​នម៉ែត្រ​ការ៉េ​បន្ថែមទៀត។

​របាយការណ៍របស់​ក្រុមហ៊ុន ​CBRE Cambodia កាលពីពេលថ្មីនេះបានបង្ហាញថា​ ជាទូទៅ ការផ្គត់ផ្គង់ការិយាល័​​យ​ត្រូវបាន​បែង​ចែកជា៣កម្រិត រួមមានកម្រិត A, B, C ខណៈដែលកម្រិត C មាន​អត្រា​ផ្គត់ផ្គង់ច្រើនជាង​គេ​ ។បន្ទាប់មក​គឺ​កម្រិត B ។ ដោយឡែក​ចំណែក​អគា​រ​កា​រិ​យា​ល័យ​កម្រិត A មាន​តិចជាង​គេ​ក្នុងចំណោម​ទាំង​៣​កម្រិត ។​ ប៉ុន្តែចូលមកដល់​ឆ្នាំ២០២៤​នេះ ​តាម​រ​បា​យ​ការ​ណ៍​បានបង្ហាញថា ​ការិយាល័យ​ទាំង ៣ កម្រិត​​ មាន​ទំហំ​ប្រហាក់​ប្រហែល​គ្នាទៅវិញ។​

របាយការណ៍ដដែលឱ្យដឹងថា តម្លៃនៃ​ការជួល​អគារ​ការិយាល័យក្នុងឆមាស​ទី​១​ឆ្នាំ ២០២៤​នេះ បើ​ធៀបនឹង​ឆមាសទី​១​ឆ្នាំ ២០២៣​ ឃើញថា​មានការ​ធ្លាក់​ចុះ​បន្តិច​បន្តួច​ ប៉ុន្តែកំណើន​នៃការ​ប្រើប្រាស់​ការិ​យា​ល័​យ​ស្តង់ដារ​មានការកើនឡើង​​​ជាង​ឆ្នាំ២០២៣ ។ បើ​ប្រៀបធៀបនឹង​ប្រទេសជិត​ខាង ដូចជា ថៃ និ​ង​វៀត​ណាម ទាំង​តម្រូវការ​ និង​តម្លៃ ​ឃើញថា​នៅ​រាជ​ធា​នី​ភ្នំពេញមានតម្លៃទាប​ជាង​បាងកក ប្រទេសថៃ​ និង​ហូជីមិញប្រទេសវៀតណាម ។ចំណែក​ការ​ប្រើ​ប្រា​ស់​​​​វិញក៏មានអត្រា​តិចជាង​តំបន់ទាំង​នោះដែរ ។​

​របាយការណ៍ក្រុមហ៊ុន ​CBRE Cambodiaបានគូសរំលេចថា នៅក្នុងឆ្នាំ ២០២៤​នេះ មានគម្រោង​អគារការិយាល័យ​លេច​ធ្លោ​ចំនួន​បួនគម្រោងនឹ​ងរំពឹងបញ្ចប់​នៅក្នុងឆ្នាំ​នេះ។ ក្នុងនោះមាន​គម្រោង​ Versailles Square មានទីតាំង​នៅ​តំបន់​ខណ្ឌ​មានជ័យ​, គម្រោង​ Maline Office Park​ មានទីតាំង​នៅ​ចំការ​មន ,គម្រោង​ Chief Tower ស្ថិតនៅ​​បឹង​កេងកង​ និង​គម្រោង អគារពន្ធដារ ( GDT Tower ) នៅក្នុង​ខណ្ឌជ្រោយចង្វារ​ ។

​​នៅដំណាច់ឆ្នាំ​នេះដែរ​ ការិយាល័យ​ប្រមាណ ៣៥​ភាគរយ​​ត្រូវ​បានរំពឹងថា​គឺស្ថិតនៅក្នុង​អគារ​ពាណិជ្ជកម្ម​ចម្រុះ ក៏ដូចជា​អគារ​ខុនដូផងដែរ។ក្រៅពីនេះក៏មាននៅក្នុងអគារ​ពាណិជ្ជ​កម្ម​ដែល​មាន​ផ្សារ​ទំនើបនៅខាងក្រោមជាន់ផ្ទាល់ដី នៅក្នុងអគារខុនដូផង និងអគារការិយា​ល័យផ្ទាល់តែម្ដង ។

អ្នកជំនាញអចលនទ្រព្យ​ជាច្រើន​បានលើកឡើងថា តម្រូវការ​ការិយាល័យចាប់ផ្ដើម​មានកំណើន​នៅ​ក្រោយ​វិបត្តិកូវីដ​១៩ ពោលគឺ​នៅពេល​ដែល​ម្ចាស់អាជីវកម្ម​​មួយចំនួនដែលបានផ្អាកដំណើរការចាប់ផ្តើមមានសកម្មភាពឡើងវិញ ជាពិសេស ប្រភេទអាជីវកម្ម​ថ្មីៗចាប់បើកដំណើរការ និង​មានតម្រូវការ​លើ​ការិយាល័យ​កម្រិតស្តង់​ដារ ខុសពីមុនដែល​ភាគច្រើនត្រូវ​ការ​ផ្ទះ​ល្វែង ផ្ទះវីឡា ​ធ្វើជាការិយាល័យរបស់ខ្លួន។ កំណើន​នៃ​សហគ្រិន​ថ្មីៗ​ទាំង​ក្នុងស្រុក​ និងមក​ពី​ក្រៅប្រទេស​ក៏​បាន​ធ្វើ​ឱ្យ​តម្រូវការ​ការិយាល័យ​កើន​ខ្ពស់​ជាង​ឆ្នាំមុនៗផងដែរ ។ដូច្នេះ​ហើយ​ទើប​អ្នកអភិវឌ្ឍន៍បាន​ងាកមក​ស្វែងរក​ការ​វិនិយោគ​លើ​អគារ​ការិយាល័យកាន់តែច្រើន​ ក្នុងនោះការិយាល័យ​កម្រិត​ A ក៏ឃើញមាន​តម្រូវការ​ និង​ការ​ផ្គត់ផ្គង់​ខ្ពស់ជាង​មុន ផ្ទុយកាលពី​មុន​វិបត្តិកូវីដ១៩ ម្ចាស់​ក្រុមហ៊ុន​ជាច្រើន​បានជ្រើសរើស​យក​ការិយាល័យ​កម្រិត​C ជាទីតាំង​ការិយល័យ​របស់​ខ្លួន ៕I

Leave a Reply

Your email address will not be published. Required fields are marked *