ក្រសួងព័ត៌មានបង្ហាញកិច្ចគាំពាផ្នែកសុខភាពជូនមន្ត្រីក្រោមឱវាទតាមរយៈការផ្តល់ប័ណ្ណ ប.ស.ស
ចេញផ្សាយ ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២៤
MoINFO APP
ក្រសួងព័ត៌មាន កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញលិខិតជូនដំណឹង ដើម្បីអោយមន្ត្រីក្រោមឱវាទមកចុះឈ្មោះធ្វើប័ណ្ណ ប.ស.ស សម្រាប់ប្រើប្រាស់ក្នុងការថែទាំសុខភាព។
លិខិតនោះដែរបានបញ្ជាក់ថា ការផ្តល់ប័ណ្ណសមាជិក ប.ស.ស នេះ នឹងធ្វើជូនចំពោះ ថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សា មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងធ្វើជូនផងដែរចំពោះសមាជិកក្នុងបន្ទុកគ្រួសាររួមមានសហព័ទ្ធ និងកូន ផងដែរ។
ការប្រកាសផ្តល់ប័ណ្ណសមាជិកប.ស.ស ដល់មន្ត្រីក្រោមឱវាទនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលជួយកាត់បន្ថយបន្ទុកចំណាយចំពោះការទៅថែទាំសុខភាពនៅមន្ទីរពេទ្យ ខណៈមានប័ណ្ណប.ស.ស។
ទន្ទឹមគ្នានេះ លិខិតដដែលក៏បានណែនាំអោយអ្នកដែលទៅធ្វើប័ណ្ណប.ស.សជូនអ្នកនៅក្នុងបន្ទុកគ្រួសារត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងប័ណ្ណសមាជិក ប.ស.ស (ប័ណ្ណដែលមានសុពលភាពនៅអាចប្រើប្រាស់បាន) អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ឬប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ។
សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ (ច្បាប់ដើម) អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (មានសេចក្តីបញ្ជាក់ពី ស្រុក-ខណ្ឌ) សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (មានសេចក្តីបញ្ជាក់ពី ស្រុក-ខណ្ឌ)។ ចំពោះការធ្វើប័ណ្ណប.ប.ស កូនក្នុងបន្ទុកក្រោមអាយុ១៨ឆ្នាំ ត្រូវមាន សេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត (ច្បាប់ដើម) និង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (មានសេចក្តីបញ្ជាក់ពី ស្រុក-ខណ្ឌ។ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (មានសេចក្តីបញ្ជាក់ពី ស្រុក-ខណ្ឌ)៕