ព័ត៌មានជាតិ

កម្ពុជារៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១

កម្ពុជារៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១
ចេញផ្សាយ ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៤
MoINFO APP

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និង​មធ្យម លើកទី១ ក្រោមប្រធានបទ៖ “ពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បី​កំណើនកាន់តែប្រសើរ”។

ពិធីនេះត្រូវបានធ្វើឡើង​ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ ដើម្បីអបអរសាទរការរួមចំណែកដ៏សំខាន់របស់សហគ្រាស​ធុន​មីក្រូ តូច និងមធ្យមដល់សេដ្ឋកិច្ចជាតិ និងជំរុញបរិយាកាសនវានុវត្តន៍ និរន្តរភាព និងកំណើនប្រកប​ដោយ​​បរិយា​ប័ន្ន។

ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ រួមមានសកម្មភាពជាច្រើន ដូចជាការតាំង​ពិព័រណ៍​​ផលិត​ផល ការកសាងទំនាក់ទំនងធុរកិច្ច និងកិច្ចពិភាក្សាជាដើម។ កម្មវិធីនេះមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីអ្នករៀបចំគោលនយោបាយ សហគ្រិន អ្នកដឹកនាំអាជីវកម្ម ដៃគូ​អភិវឌ្ឍន៍ និង​ភាគីពាក់ព័ន្ធមកពីទូទាំងប្រទេស ដើម្បីចែករំលែកការយល់ដឹង ផ្លាស់ប្តូរគំនិត និងស្វែងរក​ឱកាសសម្រាប់​កិច្ចសហការ និងការរីកចម្រើន។

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍​ប្រកប​ដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។ ការកំណត់នេះក៏ស្របតាមផែនការសកម្មភាព​យុទ្ធ​សាស្ត្រអាស៊ានសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០១៦-២០២៥ ផងដែរ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើក​ឡើង​ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពដល់ការអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម តាម​រយៈ​​ប្រព័ន្ធអេកូឡូស៊ីដ៏ទូលំទូលាយ ដោយផ្តល់ការគាំទ្រលើវិស័យសំខាន់ៗដូចជា ការបង្កើតគោល​នយោ​បាយ ការពង្រឹងលទ្ធភាពទទួលហិរញ្ញប្បទាន ការលើកកម្ពស់សហគ្រិនភាព ការចាប់យកបច្ចេកវិទ្យា ការ​អភិវឌ្ឍ​ជំនាញ ការលើកកម្ពស់ស្តង់ដារផលិតផល និងការបង្កភាពងាយស្រួលក្នុងការធ្វើអាជីវកម្មជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា៖​ “យើងទទួលស្គាល់តួនាទីដ៏សំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងបណ្តុះនវានុវត្តន៍។ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និង​មធ្យមលើកទី១នេះ ជាឱកាសមួយដើម្បីបង្ហាញពីសមិទ្ធផលរបស់សហគ្រិនកម្ពុជា និងផ្តល់ជូនពួកគាត់នូវព័ត៌មាន ឧបករណ៍ និងធនធានចាំបាច់ ដើម្បីពួកគាត់អាចរីកចម្រើននៅក្នុងទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក​ដែល​កាន់​តែ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង។”

បច្ចុប្បន្ន នៅលើពិភពលោក សហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ៩០% នៃមូលដ្ឋាន​ផលិត​កម្មអាជីវកម្មសរុប, ផ្តល់ការងារពី ៦០% ទៅ ៧០% និងរួមចំណែក ៥០% នៃផលិតផលក្នុងស្រុក​សរុប​។ នៅក្នុងតំបន់អាស៊ាន សហគ្រាសធុនមីក្រូ តូច និងមធ្យម មានចំនួនពី ៩៧,២% ទៅ ៩៩,៩% នៃអាជីវ​កម្មទាំងអស់ និងរួមចំណែក ៤៤,៨% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជាសមាជិក​អាស៊ាន។

Leave a Reply

Your email address will not be published. Required fields are marked *