ភរិយាសម្តេចធិបតី ដឹកនាំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” រយ:ពេល៣០ថ្ងៃជួយមូលនិធិគន្ធបុប្ផា
ចេញផ្សាយ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៤
APP MoINFO
យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ហើយគិតមកដល់ម៉ោង ១៧:០០ម្សិលមិញនេះ ទោះបីជាយុទ្ធនាការមិនទាន់បានចាប់ផ្ដើមជាផ្លូវការនៅឡើយក៏ដោយ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីបងប្អូនប្រជាពលរដ្ឋចំនួន ៣៨.១៧០ នាក់ សរុបជាទឹកប្រាក់៦៥៧.៧៧៧.០៣៤ រៀល និង ៩៦.២១២ ដុល្លារអាម៉េរិក រួចទៅហើយ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែឧសភានេះ បានគូសរំលេចថា ការបរិច្ចាគ នេះបានសបញ្ជាក់ឱ្យឃើញពីការគាំទ្រយ៉ាងផុលផុសប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំរបស់ប្រជាជាតិខ្មែរទាំងមូល។
ក្នុងនាមជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានគោរពថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដោយបានគាំទ្រ និងចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” យ៉ាងច្រើនលើសលប់គួរឱ្យកត់សម្គាល់ បន្ទាប់ពីយុទ្ធនាការនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃមិ្សលមិញនេះ។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអំពាវនាវដល់បងប្អូនសប្បុរសជនដែលមានបំណងចូលរួមបរិច្ចាកក្នុងយុទ្ធនាការនេះ សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ៕