ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កត្តាសុខសន្តិភាព ស្ថិរភាព ដែលកើតទ្បើងពីនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កត្តាសុខសន្តិភាព ស្ថិរភាព ដែលកើតទ្បើងពីនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យអគ្គិសនីនៅកម្ពុជា

នាព្រឹកថ្ងៃទី៣០  ខែវិច្ឆិកា  ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះ​រាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពិធីបិទស្ទឹង ដើម្បីសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ មេហ្កាវ៉ាត់ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ។


មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា កត្តាសុខសន្តិភាព ស្ថិរភាព ដែលកើតទ្បើងពីនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យអគ្គិសនី ដែលជាវិស័យដ៏អាទិភាពមួយ ។ សម្រាប់ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភានេះ ការអភិវឌ្ឍវិស័យអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់​នៃ​នយោ​បាយ​សេដ្ឋកិច្ច ព្រមទាំងបានកំណត់ទិសដៅ៖ (១)បន្តជំរុញការអភិវឌ្ឍវិស័យអគ្គិសនីឱ្យគ្រប់ទីកន្លែងនៅទូទាំងប្រទេស ដោយក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ខិតខំរកមធ្យោបាយផ្គត់ផ្គង់អគ្គិសនីដល់ភូមិជាង ១% ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ ឱ្យទទួលបានអគ្គិសនីប្រើប្រាស់មុនឆ្នាំ២០៣០  (២).បន្តការធ្វើទំនើបកម្មលើការផ្តល់សេវាកម្មជូនដល់​អតិថិជនប្រើប្រាស់អគ្គិសនី (៣).បន្តពិនិត្យលទ្ធភាពផ្តល់ការអនុគ្រោះថ្លៃ និងបន្ថយថ្លៃលក់អគ្គិសនីឱ្យកាន់តែទាបជាងមុន (៤).ជំរុញការចូលរួមរបស់កម្ពុជាក្នុងអន្តរកាលថាមពលឆ្ពោះទៅរកសង្គមអព្យាក្រឹតភាពកាបូនស្របតាមនិន្នាការ​ពិភពលោក​បច្ចុប្ប​ន្ន (៥). ជំរុញការចូលរួមរបស់វិស័យឯកជនក្នុងការវិនិយោគ និងការធ្វើអាជីវកម្មផ្តល់សេវាកម្មអគ្គិសនី និង (៦).ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិទាំងក្នុង និងក្រៅតំបន់លើវិស័យថាមពល។

សម្តេចនាយករដ្ឋមន្ត្រី បន្តមានប្រសាសន៍ទៀតថា ប្រទេសនីមួយៗមានភារកិច្ចមិនត្រឹមតែត្រូវធានាធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ថាមពលមានគុណភាព ស្ថិ​រ​ភា​ព ប្រសិទ្ធភាព និងថ្លៃសមរម្យប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវធ្វើយ៉ាងណាឱ្យវិស័យ​ថាមពលឈាន​ទៅរក​អព្យាក្រឹតភាព​កាបូន ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុរបស់ពិភពលោកផងដែរ ។ ក្នុងន័យនេះ ក្រសួងរ៉ែ និងថាមពល ធ្វើជាស្ថាប័នដឹកនាំ និង​​សម្របសម្រួល លើការងារចំនួន ០៥ មានដូចជា៖ (១).ជំរុញអនុវត្តការងារប្រសិទ្ធភាពថាមពល ស្របទៅតាមគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាម​ពល​២០២២-២០៣០ ដែល បានអនុម័ត និងស្របទៅតាមផែនការសកម្មភាពដែលបានគ្រោង​។ (២).បញ្ឈប់ការអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម និងពិនិត្យលទ្ធភាពដាក់ឱ្យរោងចក្រផលិតអគ្គិសនី​​ដុតធ្យូងថ្មដែលមានស្រាប់បញ្ឈប់ដំណើរការមុនកាលកំណត់ ។ (៣).ធ្វើបច្ចុប្បន្នភាពផែនការមេឡើងវិញ ដើម្បីបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញបន្ថែមទៀត។ (៤).លើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី (EV) ដើម្បីធានានិរន្តរភាពនៃការប្រើប្រាស់ និងកាត់បន្ថយចំណាយ ។ (៥). ធ្វើការងារការទូតផ្នែកថាមពលបៃតង ដើម្បីទាក់ទាញការគាំទ្រ និងការផ្តល់ហិរញ្ញប្បទាន​សម្បទាន​សម្រាប់​ធ្វើការអភិវឌ្ឍ ។ លើលពីនេះ សម្តេច ក៏បានស្នើឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងរាជរដ្ឋាភិបាល​ចូលរួម​សហ​កា​​រ និងសម្របសម្រួលជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជា​​អាច​សម្រេច​បាននូវគោលដៅវិស័យថាមពល ដោយប្រើប្រាស់ថាមពលស្អាតឱ្យ​បាន ៧០% យ៉ាងតិច​នៅ​​​​ឆ្នាំ២០៣០ ដើម្បីឱ្យក្លាយទៅជាប្រទេសគោលដៅថាម​ពល​ស្អាត (Clean Energy Destina​tion) សម្រាប់ការអភិវឌ្ឍ ។

សូមបញ្ជក់ផងដែរ បើតាមក្រសួង​រ៉ែ និង​ថាមពល បានឱ្យដឹងថា គិត​ត្រឹម​ឆ្នាំ​២០២២ កម្ពុ​ជាមាន​ទំហំ​ប្រភព​អគ្គិសនី​សរុបចំនួន ៤.២៤៦,៧៧​ មេ​ហ្គា​វ៉ា​ត់ ​ក្នុងនោះចំនួន ៣.១១៦,៤២ ​មេ​ហ្គា​វ៉ា​ត់ ស្មើនឹង​ជាង ៧៣​ភាគរយ ​ជា​ប្រភព​អគ្គិសនី​បាន​ពី​ការអភិវឌ្ឍ​ក្នុងស្រុក ហើយចំនួន ១.១៣០,៧៥ ​មេ​ហ្គា​វ៉ា​ត់ ស្មើនឹង​ជាង ២៦ ​ភាគរយ ​ជា​ប្រភព​អគ្គិសនី​ដែល​បាន​នាំចូល​ពី​ប្រទេសជិតខាង ​។ ​ប្រភពដដែល​បានបង្ហាញទៀតថា សម្រាប់ការអភិវឌ្ឍប្រព័ន្ធបញ្ជូនអគ្គិសនី បច្ចុប្បន្ននេះ មានខ្សែបញ្ជូនសរុបចំនួន ៣.៩៥៣គីឡូម៉ែត្រ និងមានអនុស្ថានីយចំនួន ៦៣ ដែលអាចបញ្ជូនប្រភពអគ្គិសនីដល់រាជធានី-ខេត្តចំនួន ២៥ ទូទាំងប្រទេស ។ គិត​ត្រឹម​ចុងឆ្នាំ​២០២២ ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​សរុបចំនួន​ប្រមាណ ៣,៧២​ លាន​ខ្នង​ផ្ទះ ទទួលបាន​ការផ្គត់ផ្គង់​អគ្គិសនី​ពី​បណ្តាញ​ជាតិ ស្មើនឹង​ប្រមាណ​ជិត ៩០​ភាគរយ​ ។​ ជាមួយគ្នានេះ ភូមិចំនួនជិត ១៤ ០០០ ស្មើនឹង ៩៨.២៧ ភាគរយ បានតខ្សែបណ្តាញអគ្គិសនីសម្រាប់ប្រើប្រាស់ ខណៈនៅសល់ភូមិចំនួនជាង ២០០ ប៉ុណ្ណោះ ស្មើនឹង១.៧៣ ភាគរយ មិនទាន់តខ្សែបណ្តាញអគ្គិសនីដោយសារភូមិទាំងនោះត្រូវបានចាត់ទុកថាជា «ភូមិដែលពិបាកទៅដល់»។

Leave a Reply

Your email address will not be published. Required fields are marked *