ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក
ភ្នំពេញ: ព្រឹកថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំអន្តរ ក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដោយមាន ការចូលរួមពីសំណាក់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងសហការី ព្រមទាំងតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធជាច្រើនរូប។
សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក មាន ២៨០ មាត្រា និង ១៨ ជំពូក ហើយត្រូវបាន រៀបចំឡើងដោយធ្វើការច្របាច់បញ្ចូលនូវសេចក្តី
ព្រាងច្បាប់ចំនួន ៣ រួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវសមុទ្រ សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែ។
សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកនេះ កំណត់អំពីការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យ ដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែនៃព្រះរាជា ណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីរក្សា សណ្តាប់ធ្នាប់ ធានាសុវត្ថិភាព និងសន្តិសុខ នៃការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងកសាង និងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងរួមចំណែកការពារបរិស្ថាន ព្រមទាំងផ្តល់ កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែង ប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកនេះ នឹងចូលរួមជំរុញការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទឹក កំពង់ផែ និងការដឹកជញ្ជូនតាមផ្លូវទឹក ដែល ជាសរសៃឈាមនៃប្រព័ន្ធគមនាគមន៍ និងឡូជីស្ទីកដ៏ សំខាន់នៅកម្ពុជា ពិសេសការដឹកជញ្ជូន តាមទន្លេ ផ្ទៃក្នុងប្រទេស ដែលមានថ្លៃថោក តែបច្ចុប្បន្នមិនទាន់ ត្រូវបានប្រើប្រាស់ឱ្យអស់សក្តានុពល និងមានប្រសិទ្ធ ភាពនៅឡើយ ក៏ដូចជាដើម្បីដោះស្រាយបញ្ហា ប្រឈមមួយចំនួនក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីឆ្លើយតបទៅនឹងដំណើរវិវត្តន៍ឈានឡើងជាលំដាប់នៃសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងដំណើរឆ្ពោះទៅ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។