លោក ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង ជម្រុញដល់មន្រ្តីទាំងអស់ត្រូវពង្រឹងអនុវត្តការងាររបស់ខ្លួន ម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាឌីជីថល
ព្រៃវែង៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែបន្ទាប់ ក្រោមអធិបតីភាពលោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ការិយាល័យជំនាញ និងមន្ត្រីពាក់ព័ន្ធទាំងអស់។
ក្នុងកិច្ចប្រជុំនោះ គ្រប់ប្រធានការិយាល័យទាំងអស់បានរាយការណ៍អំពីលទ្ធផលការងារដែលខ្លួនសម្រេចបានក្នុងរយៈពេលមួយខែកន្លងមក ហើយក្នុងនោះគ្រប់ការិយាល័យទាំងអស់ក៏បានរៀបចំនៅផែនការសកម្មភាពបន្តរបស់ការិយាល័យរបស់ខ្លួនធ្វើយ៉ាងណាដើម្បីធានានិងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទីភារកិច្ចទៅតាមការិយាល័យរៀងៗខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
ក្នុងកិច្ចប្រជុំនេះ លោកប្រធានមន្ទីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីទាំងអស់ ដែលបានបំពេញភារកិច្ចយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មាន ពិត និងលឿនរហ័ស ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត។ ទន្ទឹមនឹងការអបអរសាទរចំពោះវឌ្ឍនភាពការងារ លោកក៏បានជំរុញឱ្យមន្ត្រីគ្រប់ផ្នែកបន្តពង្រឹងសមត្ថភាពលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
ជាទីបញ្ចប់ លោកប្រធានមន្ទីរបានដាក់ចេញនូវផែនការសកម្មភាពថ្មីៗ ជាពិសេសការត្រៀមលក្ខណៈផ្សព្វផ្សាយនូវព្រឹត្តិការណ៍សំខាន់ៗនាពេលខាងមុខ ក្នុងគោលដៅលើកកម្ពស់វិស័យព័ត៌មានក្នុងខេត្តព្រៃវែងឱ្យកាន់តែមានភាពរីកចម្រើន និងជឿទុកចិត្តបាន៕
